សម្ដេចក្រឡាហោម ស ខេង ដាក់ចេញនូវគោលការណ៍ណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ដើម្បីឲ្យការគ្រប់គ្រងមុខងារផ្តល់សេវាសុខាភិបាលមានប្រសិទ្ធិភាពខ្ពស់
June 03, 2020    អ្នកទស្សនា : 33

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានប្រសាសន៍ណែនាំនូវចំណុចសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី ខេត្ត រួមទាំងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យប្រកបដោយការទទួលខុសត្រូវខ្ពស់មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ 

      បន្ថែមពីលើនេះ សម្ដេចក្រឡាហោមបានណែនាំឲ្យក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី ខេត្តត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានមនុស្ស និងថវិការ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ប្រកបដោយតម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ ដើម្បីលើកកម្ពស់គុណភាព និងបរិមាណនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ 

      ជាងនេះទៅទៀត សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា លេខាធិការដ្ឋាន គ.ជ.អ.ប. ត្រូវបន្តសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងមុខងារសេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្តឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ។

      សម្ដេចក្រឡាហោមលើកឡើងនូវគោលការណ៍ណែនាំនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃពុធទី៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ