សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាល បន្តដាក់ចេញកិច្ចការអទិភាពចំនួន ៤ ដែលគួរពិចារណា ដើម្បីធានាការអនុវត្តកំណែទម្រង់ឱ្យកានតែស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត 
June 03, 2020    អ្នកទស្សនា : 39

      ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានប្រសាសន៍ថា ឆ្នាំ២០២០នេះគឺជាឆ្នាំចុងក្រោយដែលយើងត្រូវបញ្ចប់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ហើយទោះជាការអនុវត្តបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ប៉ុន្តែយើងក៏នៅមានកិច្ចការជាអទិភាពជាច្រើនផ្សេងទៀតដែលត្រូវអនុវត្តបន្តដែលក្នុងនោះរួមមាន៖
ទី១៖ ការបន្តពង្រឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ៖ ត្រូវផ្តល់អទិភាពដល់ការពង្រឹងស្ថានប័ន រដ្ឋបាល ក្រុង ស្រុក ខណ្ ឌដើម្បីធានាឱ្យរដ្ឋបាលនេះរួមសហការ ជាមួយរដ្ឋបាលឃុំ សង្កាត់ក្លាយជារដ្ឋបាលមូលដ្ឋាន ដែលមានសមត្ថភាព និងធនធានសមស្របសម្រាប់ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយកការទទួលខុសត្រូវខ្ពស់។
ទី២៖ការបន្តពង្រឹងរដ្ឋបាលរាជធានី ខេត្ត៖ ត្រូវបន្តសិក្សាលើជម្រើសនានាសម្រាប់កែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្ត ដើម្បីបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ។
ទី៣ ៖ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ៖ត្រូវបន្តជំរុញការផ្ទេរមុខងារឱ្យបានកាន់តែច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងសិក្សាដើម្បីអភិវឌ្ឍប្រព័ន្ធផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធបច្ចេកទេសព័ត៌មានវិទ្យា ស្វ័យប្រវត្តិកម្ម និងការប្រើប្រាស់បច្ចេកទេសទាន់សម័យប្រកបដោយភាពវៃឆ្លាត ដែលធានាដល់ការផ្តល់សេវាកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។
ទី៤៖ការធ្វើវិជ្ឈការហរិញ្ញវត្ថុ៖ ក្រៅពីពង្រឹងសមត្ថភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិការសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ចាំបាច់ត្រូវបន្តសិក្សាលើជម្រើសនានាសម្រាប់ការបង្កើតប្រភពចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការកៀរគរធនធានបន្ថែម និងពង្រឹងភាពម្ចាស់ការក្នុងការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព គណនេយ្យភាព និងសមធម៌សង្គម។

      សម្តេចក្រឡាហោមបានគូសបញ្ជាក់បន្ថែមដែរថា រាជរដ្ឋាភិបាល នឹងបន្តសិក្សាអភិវឌ្ឍន៍រៀបចំរាជធានីភ្នំពេញ ឱ្យក្លាយទៅជារដ្ឋបាលពិសេសមួយ ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានទំនើប ដើម្បីធានាដល់ការគ្រប់គ្រង ការចាត់ចែងនិងការផុ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនដែលកំពុងមានការកើនឡើង។ ព្រមជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការក៏កំពុងសិក្សាលើជម្រើសនានា ដើម្បីកំណត់នូវសក្តានុពលនៃខេត្ត ឬក្រុង មួយចំនួនដែលអាចរៀបចំឱ្យក្លាយទៅជារដ្ឋបាលស្វយ័តសម្រាប់ពេលអនាគតផងដែរ។

      សម្តេចក្រឡាហោមលើកឡើងដែរថា ផ្អែកតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផ្អែកលើមេរៀនបទពិសោធន៍នៃការអនុវត្តនាពេលកន្លងមក រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិរយៈពេលវែងថ្មីមួយទៀតដែលត្រូវចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២១តទៅ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ