អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន
May 21, 2020    អ្នកទស្សនា : 217

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន។

      បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររួចមក ឯកឧត្តម បានសំដែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានខិតខំបំពេញការងារជូនអង្គភាព ដោយបានលះបង់កម្លាំងកាយចិត្ត ជំនៈបញ្ហាប្រឈមនានា និងសម្រេចបានលទ្ធផលជាទីគាប់ប្រសើរ ដែលទទួលស្គាល់ពីថ្នាក់ដឹកនាំក្រសួងកន្លងមក ដូចបានរំលេចក្នុងរបាយការណ៍ពេលនេះ។ ឯកឧត្តមបានបន្តថា តាមពិតកិច្ចប្រជុំនេះ ត្រូវបានគ្រោងរៀបចំយូរមកហើយ តែដោយសារបញ្ហាជំងឺកូវីដ ទើបពន្យារពេលមកដល់ពេលនេះ។

      ឯកឧត្តមបានគូសបញ្ជាក់ថា លទ្ធផលការងារពេលនេះពិតណាស់កើតចេញពី ការគោរពតួនាទីតាមឋានានុក្រម ការសហការគ្នា ធ្វើការជាក្រុម សាមគ្គីភាពផ្ទៃក្នុង សមត្ថភាព គោរពវិន័យ របៀបរបបការងារ មនសិការការងារ ជាពិសេសគណនេយ្យភាពចំពោះតួនាទីភារកិច្ចរបស់ខ្លួន និងភារកិច្ចដែលប្រគល់ជូន ។ ទន្ទឹមនេះ ឯកឧត្តម បានក្រើនរំលឹកផងដែរថា ធ្វើជាមន្ត្រីអធិការកិច្ច ចាំបាច់ត្រូវប្រកាន់នូវមនសិការ វិជ្ជាជីវៈ តម្លាភាព មិនលំអៀង ជាពិសេសរក្សាបាននូវសីលធម៌ សុជីវធម៌ខ្ពស់ និងភាពទន់ភ្លន់តែម៉ឹងមាត់ក្នុងពេលចុះបំពេញបេសកកម្ម ដោយចៀសវាងឆ្លៀតឱកាសដើម្បីទាញយក ឬបម្រើប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួកជាដាច់ខាត។

      ឯកឧត្តមបានមានមតិផ្តាំផ្ញើ និងណែនាំបន្ថែមមួយចំនួនលើការបំពេញកិច្ចការប្រចាំថ្ងៃ ការចុះបំពេញបេសកកម្ម ការរៀបចំរបាយការណ៍លទ្ធផលក្រោយបញ្ចប់បេសកកម្ម និងបញ្ហាវត្តមានរបស់មន្ត្រី។

      ជាថ្មីម្តងទៀត ឯកឧត្តមបានថ្លែងការអរគុណ និងសង្ឃឹមយ៉ាងមុតមោះថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹងបន្តខិតខំបំពេញការងារដើម្បីសម្រេចលទ្ធផលកាន់តែល្អប្រសើរទៀត ផ្អែកតាមទិសដៅការងារឆ្នាំ២០២០ដែលនឹងដាក់ចេញពេលនេះ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៃអង្គប្រជុំ បានលើកឡើង ចែករំលែកនូវបទពិសោធន៍ ចំនុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានា កន្លងមក ដើម្បីរួមគ្នាដំណោះស្រាយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារឆ្នាំ២០២០នេះផងដែរ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជារូបទៀត៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ