មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពសម្ភារៈអគ្គិភ័យ និងវិទ្យាស្ថានជាតិត្រួតពិនិត្យអគ្គីភ័យ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១៧មករានេះ ក្រោមអធិបតីភាព អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដោយមានការចូលរួមពីប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ លោកឧត្តមសេនីយ៍ទោ នេត វន្ថា និងប្រធានក្រុមហ៊ុន Cambodian Fairwind Enterprises Company Limited និងអង្គភាពដែលជាប់ពាក់ព័ន្ធនានាបានអញ្ជើញចូលរួមជាច្រើននាក់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា មជ្ឈមណ្ឌល និងវិទ្យាស្ថាននេះគឺបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។ ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីខែមករាឆ្នាំ២០១៨ បានសម្រេចទទួលស្គាល់ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ឧបករណ៍សម្ភារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ដែលមានមជ្ឈមណ្ឌលពិសោធន៍នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ខេមបូឌាន ហ្វ៊ែវីន អ៊ិនធឺប្រាយលីមីធីត។ ហើយមជ្ឈមណ្ឌលជាតិនេះក៏ស្ថិតនៅក្រោមការណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ជាងនេះទៀត មជ្ឈមណ្ឌលជាតិនេះ ត្រូវសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការត្រួតពិនិត្យគុណភាព សម្ភារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យនៅតាមគោលដៅ និងសំណង់វិស្វកម្មនានា ក្នុងប្រទេសកម្ពុជា៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ