ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
September 25, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ  ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយមានការចូលរួមពី តំណាង ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ និងលេខាធិការដ្ឋាន គ.ជ.អ.ប ប្រមាណ ៣២០នាក់។

      ក្នុងឱកាសនេះ ឯកឧត្តម លេង វី ក្នុងនាមក្រសួងមហាផ្ទៃ ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រុមការងារអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋាន គ.ជ.អ.ប នាពេលកន្លងមក ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំ និងគំរូផែនការនានា សំដៅគាំទ្រដល់ការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងគាំពារដល់សុខភាពសាធារណៈ។

      ឯកឧត្តម លេង វី បានមានប្រសាសន៍បន្ថែមថា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងក្នុងគោលដៅនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ការដឹកនាំ និងការគ្រប់គ្រងក្នុងក្របខណ្ឌរដ្ឋបាលសាធារណៈទាំងលើរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចឲ្យបាននូវគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈដែលជាបុព្វហេតុដ៏សំខាន់ក្នុងការឆ្ពោះទៅរកវិបុលភាព និងកិច្ចអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន។ ក្នុងន័យនេះ គោលនយោបាយកម្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនលើគ្រប់វិស័យត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនយ៉ាងឆាប់រហ័សនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលកម្ពុជាឲ្យស្របទៅនឹងបរិការណ៍តំបន់ និងអន្តរជាតិ។

      សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្ដោតលើចំណុចបីសំខាន់ៗ៖ ទី១.ពង្រឹងការអនុវត្តតាមអនុក្រិត្យ ស្ដីពីការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា, ទី២.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលរាជធានីក្រុងស្រុក និងទី៣.ចូលរួមលើកកម្ពស់ការថែរក្សាសោភ័ណភាពទីប្រជុំជន និងគាំពារសុខុមាលភាពសាធារណៈ។

      គួររំលឹកផងដែរថា រដ្ឋាភិបាលបានសម្រេចដាក់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យទៅរដ្ឋបាលរាជធានីក្រុងស្រុកតាមរយៈអនុក្រឹត្យលេខ ១១៣.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ 
អនុក្រឹត្យនេះមានគោលដៅមួយចំនួនរួមមាន៖
-ពង្រឹងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នអង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន
-ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីក្រុងស្រុក 
-កំណត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននិង
-លើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

      តាមរយៈខ្លឹមសារនៃអនុក្រឹត្យនេះរដ្ឋបាលរាជធានីក្រុងស្រុកមានតួនាទីភារកិច្ចនិងការទទួលខុសត្រូវពេញលេញក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចការនានាពាក់ព័ន្ធនឹងសំរាម សំណល់រឹងទីប្រជុំជនដូចជា៖
-រៀបចំផែនការគ្រប់គ្រង និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
-រៀបចំ និងអនុវត្តនូវវិធានការសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមរយៈការដាក់ចេញដីកា ឬលិខិតបទដ្ឋាននានា
-បង្កើតគ្រប់គ្រង និងចាត់ចែងសេវាសំអាតប្រមូលដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន
-ធ្វើការណែនាំដល់ប្រជាពលរដ្ឋអំពីការសំអាតអនាម័យបរិស្ថាន និងការប្រើប្រាស់សេវាសំអាតប្រមូលដឹកជញ្ជូននិងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនដែលបានរៀបចំនៅក្នុងមូលដ្ឋាននិង
-អប់រំ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសុវត្ថិភាពបរិស្ថានអំពីកម្មវិធីកាត់បន្ថយការបង្កើតការប្រើប្រាស់ឡើងវិញ និងការកែច្នៃ និងអំពីការលើកកម្ពស់ការប្រើប្រាស់ផលិតផលដែលបានមកពីការកែច្នៃសំរាម សំណល់រឹងទីប្រជុំជន៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ