សម្ដេចក្រឡាហោម ស ខេង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
September 24, 2019    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ២៤ខែកញ្ញា ដល់ថ្ងៃទី ០១ខែតុលា ឆ្នាំ ២០១៩ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងភាពជាដៃគូរវាងប្រទេសទាំងពីរ និងសិក្សាស្វែងយល់បន្ថែមអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ផងដែរ។

      សូមជម្រាបជូនដែរថា សមាសភាពគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរក្រសួងដែលនឹងរួមដំណើរជាមួយសម្តេចក្រឡាហោម រួមមាន ឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

      សូមបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជានឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាសមាជិកសភាសហព័ន្ធរបស់អាល្លឺម៉ង់ និងថ្នាក់ដឹកនាំនៃបណ្ដាក្រសួង ស្ថាប័នសំខាន់ៗរួមមាន ក្រសួងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងគណៈ កម្មាធិការ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច នៃសភាសហព័ន្ធអាល្លឺម៉ង់ ដោយផ្ដោតទៅលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរព្រមទាំងជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋ សហព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានមួយចំនួន ដើម្បីស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិស័យសាធារណៈចាំបាច់នានាដូចជា អប់រំ សុខាភិបាល ព្រៃឈើ និងអភិបាលកិច្ច៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ