សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញរាប់បាត្រកាន់បិណ្ឌវេណទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស
September 23, 2019    អ្នកទស្សនា :

       ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្តុងឧត្តម នៃពិធីបុណ្យកាន់បិណ្ឌវេណទី១០ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញរាប់បាត្រ បង្សុកូល ប្រគេនទេយ្យទាន និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តមុនីប្រសិទ្ធីវង្ស ដែលស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

     នៅក្នុងពិធីរាប់បាត្រវេណទី១០ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជំុបិណ្ឌនាព្រឹកនេះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានប្រារព្ធធ្វើនូវពិធីថ្វាយគ្រឿងសក្ការៈបូជា ទៀនធូប ផ្កាភ្ញី និងវេរថ្វាយដង្វាយចំពោះព្រះសម្មាសម្ពុទ្ធ ដើម្បីរំលឹកនឹកដល់គុណព្រះរតនត្រ័យ គុណកែវទាំ៣មាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបានសមាទានសីល និមន្តព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។ ក្រោយពីធ្វើពិធីបង្សុកូលរួច សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទទាំងអស់ ក៏បានអញ្ជើញរាប់បាត្រ និងវេរភត្តាហារ គ្រឿងបរិភាគ ឧបភោគ ព្រមទាំងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ដើម្បីជាកិច្ចដារឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេណទី១០នេះ។ ពិធីនេះបានប្រព្រឹត្តទៅតាមបែបព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរប្រកបដោយបីតិសោមនស្សសទ្ធាជ្រះថ្លាដ៏ក្រៃលែង។

      ក្នុងឱកាសនោះដែរ សម្តេច និងលោកជំទាវ ក៏បាននាំយកនូវបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់សម្តេចផ្ទាល់ រួមជាមួយបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ ចំនួន ៨២.៨០០.០០០រៀល, សាដក់ចំនួន ១៣សាដក់, អង្ករចំនួន ១២តោន, ស្ករសចំនួន ១០០ គីឡូក្រាម, ទឹកដោះគោចំនួន ០៣កេសធំ, ភេសជ្ជះស្រមោចក្រហម ៣០កេស, មី០៣កេសធំ, ត្រីខ ០៣កេស, ទឹកផ្លែឈើ ២០កេស,ទឹកសុទ្ធ ២០កេស, ទឹកក្រូច ២០កេស, បាយបិត្បូ ០៧សម្រាប់, ផ្លែឈើស្រស់០៧កន្រក សម្រាប់ប្រគេនដល់វត្តមុនីប្រសិទ្ធីវង្ស ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅមុខផង ដើម្បីទំនុកបំរុងដល់ព្រះសង្ឃក្នុងរដូវវស្សានេះផង និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តផងដែរ។

     ​​ ក្នុងនោះផងដែរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានប្រគេនទូកប្រណាំងខ្នាតធំចំនួន២គ្រឿង ដែលមានប្រវែង៣៤,២០ម៉ែត្រ មានចំនួន៤២ខ្ទង់ ចំណុះ៧៨នាក់ ដែលចំណាយថវិកាអស់សរុបចំនួន ២៥.១៧៥$ ប្រគេនដល់វត្តចំនួន២ ក្នុងនោះ ១គ្រឿងប្រគេនដល់វត្តប្រសិទ្ធីវង្ស ហៅវត្តព្រែកព្នៅ និង១គ្រឿងទៀតប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ដែលស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ដើម្បីចូលរួមលើកកម្ពស់ថែរក្សានូវសម្បត្តិវប្បធម៌ជាតិខ្មែរផង និងដើម្បីត្រៀមអបអរសាទរនូវព្រះរាជពិធីបុណ្យ អ៑ុទូក អកអំបុក សំពះព្រះខែ ដែលនិងឈានចូលមកដល់នៅពេលខាងមុខនេះផង។ ដែលប្រទេសកម្ពុជាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីសម័យបុរាណកាលមកម្លះ ដើម្បីរំលឹកដល់គំរូ វីរភាព ដ៏អង់អាច ក្លាហានរបស់កងទ័ពជើងទឹកខ្មែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ