សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យអគ្គនាយកនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការរដ្ឋបាលអន្តរជាតិនៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម
September 02, 2019    អ្នកទស្សនា :

     នៅស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​អនុញាត​​ឲ្យ ឯកឧត្តម Lim Jung Taek អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការ​រដ្ឋបាលអន្តរជាតិនៃ​ក្រសួងមហាផ្ទៃ និងសុវត្ថិភាពសាធារណរដ្ឋកូរ៉េ ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។
     សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងក្រសួងមហា​ផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ ដែលមកដល់ពេលនេះ ក្រសួងទាំង​ពីរមានកិច្ចសហប្រតិបត្តិការ​ទាំងលើផ្នែកនគរបាល និងផ្នែករដ្ឋបាលថ្នាក់ក្រោមជាតិ ។សម្ដេចក្រឡាហោមក៏សូមអរគុណចំពោះភាគី​កូរ៉េដែល​តាមរយៈ MOU ដែលមានជាមួយគ្នា គឺបានផ្ដល់ការគាំទ្រជាបន្តបន្ទាប់មកដល់ក្រសួងមហាផ្ទៃកម្ពុជា ពិសេស​ការ​ងារបណ្ដុះបណ្ដាលធនធានមនុស្សទាំងលើវិស័យនគរបាល និងវិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចក៏បាន​មាន​​ប្រសាសន៍បន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃបាន​ខិតខំរៀបចំនូវច្រក​ចេញ​ចូល​តែមួយ ដែលនេះគឺជាផ្នែកមួយនៃការលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយការងារនេះ​បាន​ទទួល​​ការពេញចិត្ត និងគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋផងដែរ។  សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ ផងដែរ ដែលកាលពីខែឧសភាកន្លងទៅ បានរៀប​ចំកម្មវិធីសម្រាប់ទស្សនកិច្ចរបស់សម្ដេចបានយ៉ាងសមស្របទៅតាមសំណូមពររបស់ក្រសួងមហាផ្ទៃកម្ពុជា ដែល​ធ្វើ ឲ្យប្រតិភូទទួលបានបទពិសោធន៍ល្អៗដើម្បីយកមកកែលម្អរការអនុវត្តទៅតាមស្ថានភាពរបស់កម្ពុជា ហើយ​សម្ដេច​សង្ឃឹមជឿជាក់ថាទៅអនាគតភាគីទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍នេះបន្ថែមទៀត ពិសេសលើ​ការងារ​រដ្ឋបាលមូលដ្ឋាន។ ឯកឧត្តម KIM JUNG-TEAK បានឯកភាពចំពោះប្រសាសន៍លើក​ឡើងរបស់សម្ដេច​ក្រឡាហោម ហើយឯកឧត្តមបន្ថែមថា ភាគីកូរ៉េនឹងបន្តអនុវត្តMOUទាំងឡាយដែលក្រសួងទាំង​ពីរបានចុះ​ហត្ថា​លេខា​កន្លងមក ឲ្យទទួលបានលទ្ធផលល្អស្របតាមការចង់បានរបស់ភាគីទាំងពីរ នឹងបន្តពង្រីកកិច្ចសហប្រតិ​បត្តិការ​បន្ថែមទៀត ពិសេសរវាងវិស័យនគរបាលនៃប្រទេសទាំងពីរ។ ឯកឧត្តម KIM JUNG-TEAK បានជូន​ដែលថា គោលបំណងចំបងដែលមកជួបសម្តេចនាពេលនេះ គឺយកនូវលិខិតអញ្ជើញរបស់ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញសម្ដេចក្រឡាហោម ស ខេង ចូលរួម​ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន កូរ៉េ ដែលគ្រោងធ្វើឡើងនៅប្រទេសកូរ៉េនាចុង ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ឯកឧត្តម បានបន្តទៀតថា ការអញ្ជើញសម្ដេចក្រឡាហោម ស ខេង នៅពេលនេះគឺផ្អែកតាម​ដំណើរទស្សន​កិច្ចរបស់​​សម្ដេចក្រឡាហោមដែលកាលពីខែឧសភា កន្លងទៅ។
     ឯកឧត្តម LIM JUNG-TEAK បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកូរ៉េ អាស៊ានទទួលបន្ទុកការងាររដ្ឋបាលថ្នាក់ក្រោមជាតិនាពេលខាងមុខ គឺពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ៣ ក្នុងនោះរួមមានការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យសេវាសាធារណៈ វិស័យរដ្ឋបាលឌីជីថល និងការងារកសាងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក្នុងនោះក៏មានការរៀបចំតាំងពិព័រណ៍​បង្ហាញអំពីនវានុវត្តន៍ពាក់ព័ន្ធនឹងការធ្វើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរដែរ ។

     សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះឯកឧត្តម Lim JUNG-TEAK ដែលបានយកលិខិត​អញ្ជើញពីកូរ៉េមកជូនសម្ដេចដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានមានប្រសាសន៍​ថានឹង​ពិនិត្យលទ្ធភាពជាក់ស្ដែង ហើយប្រសិនបើសម្ដេចមិនមានពេលវេលាសមស្រប សម្ដេចនឹងចាត់​ឯកឧត្តម​រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃដើម្បីដឹកនាំប្រតិភូចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕ រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ