រាជរដ្ឋាភិបាល បាននឹងកំពុងលើកទឹកចិត្តផ្តល់ភារកិច្ចដល់មន្រ្តីវ័យក្មេងក្នុងការបំពេញការងារ ដើម្បីជាគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ
August 31, 2019    អ្នកទស្សនា :

       សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងពង្រីកការដាក់ពង្រាយមន្រ្តីវ័យក្មេងឲ្យទៅបំពេញការងារនៅតាមមូលដ្ឋាន ដើម្បីមានឱកាសបានបំពេញការងារផង និងរៀនសូត្រដកស្រង់យកបទពិសោធន៍ផង ពិសេសអំពីជីវភាពរស់នៅរបស់ពលរដ្ឋតាមមូលដ្ឋាន ដែលនេះជាកត្តាសំខាន់បំផុតសម្រាប់អនាគតរបស់មន្រ្តីដែលត្រូវបន្តវេន និងជាគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិផងដែរ។ សម្តេចក្រឡាហោមបានលើកឡើងបែបនេះនៅល្ងាចថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សម្ដេចក្រឡាហោម ស ខេង បានបន្តថាសម្តេចពិតជារំភើបរីករាយដែលបានឃើញក្រុមការងារយុវជនទាំងបីខេត្ត បានរួមសាមគ្គីគ្នាបង្កើតកម្មវិធីអាហារសាមគ្គីនេះឡើង ដើម្បីបានជួបពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក។ សម្ដេចបានកោតសរសើរក្រុមការងារយុវជនទាំង៣ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្រ្តគឺការថែរក្សាសេចក្ដីសុខ សន្តិភាព និងការធានាជីវភាពរស់នៅល្អប្រសើរបស់ពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីស្ថានការអន្តរជាតិ ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា សភាពការណ៍ក្នុងប្រទេស ទាំងការរីកចម្រេីន និងការដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងការងារអាទិភាពដែលបានកំណត់ក្នុងគោលដៅត្រូវអនុវត្តបន្តផងដែរ។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឲ្យក្រុមការងារយុវជនទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារទៅតាមតួនាទី ពិសេសការងារជួយសង្គ្រោះប្រជាពលរដ្ឋ និងកិច្ចការសង្គមជាច្រើនទៀត ដោយប្រកាន់អត្តចរឹតល្អ សេចក្ដីថ្លៃថ្នូរ និងភាពជាគម្រូនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ