ក្រសួងមហាផ្ទៃ ប្រកាសសមាសភាពមន្រ្តីថ្មីបន្ថែម នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
August 30, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីប្រកាសសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការបប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាងអង្គទូត ក្រុមហ៊ុន ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

      ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម មៀច សុផាន់ណា បានមានប្រសាសន៍ថា ការប្រកាសសមាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅថ្ងៃនេះ គឺដើម្បីបំពេញឲ្យបានពេញលេញនូវសមាសភាពមន្រ្តីដែលត្រូវទទួលខុសត្រូវក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងការបន្តគាំទ្រកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មរួមគ្នាដើម្បីលើកកម្ពស់សុខភាព អាហារូបត្ថម្ភដល់ប្រជាពលរដ្ឋឲ្យទទួលបានសុខភាពល្អ តាមរយៈការខិតខំ ទប់ស្កាត់ អប់រំ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពលើបទល្មើសផលិតផលក្លែងក្លាយតាមគ្រប់រូបភាព។

      ឯកឧត្តមបានបន្តថា បច្ចុប្បន្នផលិតផលក្លែងក្លាយដែលកំពុងធ្វើចរាចរណ៍លើទីផ្យារប្រទេសកម្ពុជា កំពុងតែប្រើប្រាស់មធ្យោបាយទំនើបផ្សេងៗ ក្នុងការផលិត និងចែកចាយលើទីផ្សារដែលបានបង្កឲ្យមានភាពស្មុគស្មាញក្នុងការសិក្សាស្រាវជ្រាវដើម្បីឈានដល់ការបង្រ្កាប ដូច្នេះមន្រ្តីដែលមានភារកិច្ចទទួលខុសត្រូវទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាព និងសិក្សាជាប្រចាំដើម្បីទប់ស្កាត់ឲ្យបានទាន់ពេល។

      ឯកឧត្តមក៏បានណែនាំដល់មន្រ្តីថ្មីទាំងអស់ដែលបានសម្រេចបញ្ចូលនាពេលនេះ ត្រូវចុះអនុវត្តការងារប្រកបដោយតុល្យភាព និងត្រឹមត្រូវ រវាងអ្នកវិយោគពិតប្រាកដ និងអ្នកលួចក្លែងបន្លំ ដើម្បីធ្វើឲ្យមានភាពជឿជាក់ និងការពារអ្នកវិនិយោគ ឬម្ចាស់ផលិតផលពិតប្រាកដ តាមរយៈការស្វែងរកភស្តុតាងជាក់លាក់មុនការបង្រាប ជៀសវាងធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថែមថាកន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក៏បង្ក្រាបបានផលិតផល ឪសថវេជ្ជសាស្រ្តក្លែងក្លាយជាច្រើន និងបានកំទេចចោលរួចរាល់ ព្រមទាំងចាប់បានជនល្មើសជាច្រើនបញ្ជូនទៅតុលាការផងដែរ ហើយក្នុងនាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងបន្តព្យាយាមប្រឹងប្រែងអនុវត្តផែនការបន្តទៀត ដើម្បីធានាឲ្យបាននូវសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។

      សូមបញ្ជាក់ថា សមាសភាពថ្មីនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃនេះមានចំនួន ២៤រូប ក្នុងនោះឯកឧត្តម មៀច សុផាន់ណា ជាប្រធាន និងមានអនុប្រធានអចិន្ត្រៃយ៏១រូប អនុប្រធាន៥រូប និងសមាជិក១៧រូប ហើយសមាសភាពថ្មីនេះ និងដើរតួនាទីជាសេនាធិការយ៉ាងសំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបផលិតផលក្លែងក្លាយទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ