សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបជម្រាបលា 
August 20, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបជម្រាបលា បន្ទាប់ពីបេសកកម្មការទូតរបស់ឯកឧត្តមរយ:ពេល០៣ឆ្នាំ ត្រូវបានបញ្ចប់។

     ក្រោយជំនួបរវាងសម្តេចក្រឡាហោម ស ខេង ជាមួយឯកអគ្គរាជទូតជប៉ុន ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលជប៉ុន ឯកឧត្តមឯកអគ្គរាជទូត ពិតជា មានការរីករាយជាខ្លាំង ដោយឃើញសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលក្នុងនោះរួមមានវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ហើយប្រទេសជប៉ុនរំពឹងថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែ រឹងមាំខ្លាំងក្លាបន្ថែមទៀតផងដែរ។ ឯកឧត្តមបន្តថា ទំនាក់ទំនងទ្វេភាគីកម្ពុជា និងប្រទេសជប៉ុន កាន់តែខ្លាំងឡើងជាបន្តបន្ទាប់ តាមរយៈការដាក់បន្ថែមអគ្គកុងស៊ុលរបស់ជប៉ុន នៅខេត្តសៀមរាបកាលពីកន្លងទៅ ហើយរាជរដ្ឋាភិបាលជប៉ុន នៅតែបន្តជួយដល់កម្ពុជា ជានិច្ចជាពិសេស វិស័យអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។ ឯកឧត្តម ផាត សុផានិត បានបន្ថែមទៀតថា សម្តេចក្រឡាហោមក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃបេសកកម្មការទូត របស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ដែលបានរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។ ឯកឧត្តមបានបន្តថា ស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់របស់ក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ក្នុងអាណត្តិការងាររបស់ឯកអគ្គរាជទូត កម្ពុជាទទួលបានសមិទ្ធិផលជាច្រើនដូចជា ជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេស ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនផងដែរ៕រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ