សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍ មិនមែនមានតែនៅកម្ពុជានោះទេ
July 17, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូសបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍ ជាបញ្ហាដែលមិនមែន​កើតមានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ជាក់ស្តែងនៅក្នុងពិភពលោក បញ្ហានេះបានកើតឡើង​នៅស្ទើរគ្រប់ប្រទេស។ សម្តេចក្រឡាហោម បានលើកឡើងដូចនេះនៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ ដកហូត​​​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​ នៅទៅស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោមបានបន្តថា បញ្ហាអន្តោប្រវេសន៍គឺ​ទាក់ទិននឹងបញ្ហា​ប្រវត្តិ​សាស្រ្ត សេដ្ឋកិច្ច នយោបាយ ដែលជាទូទៅបញ្ហានេះមានការវិវត្តន៏ស្មុគស្មាញលំបាកដោះ​ស្រាយហើយការ​ដោះស្រាយតម្រូវឲ្យមានកិច្ចសហការពីភាគីពាក់ព័ន្ធ និងការចូលរួមគាំទ្រពីសាធារណជនក៏ដូចជា សាធារណ​មតិអន្តរជាតិផងដែរ។

            សម្តេចក្រឡាហោម ស ខេង បានលើកឡើងបន្ថែមថា ចំពោះកម្ពុជាយើងបញ្ហាអន្តោប្រវេសន៍​មិនមែន​ទើប​តែ​កើតមាននៅក្នុងជំនាន់បច្ចុប្បន្ននោះទេ វត្តមានជនបរទេសដែលបានមកតាំងទីលំនៅក្នុង​ប្រទេស​កម្ពុជា​បានកើតមានតាំងពីជំនាន់អាណានិគមនិយមបារាំងមកម្ល៉េះ ដែលក្នុងនោះច្រើនជាងគេគឺចិននិងវៀតណាម។ សម្តេចក្រឡាហោមបន្តថា បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រដ្ឋាភិបាលដែលប្រសូតចេញពីការបោះ​ឆ្នោត​បានប្រកាន់យករបបគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើក​ស្ទួយ​ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋដោយបានចាត់ទុកការងារគ្រប់គ្រងជនបរទេស ជាកិច្ចការអាទិភាពមួយ​ក្នុង​ចំណោម កិច្ចការអាទិភាពនានាដែលត្រូវដោះស្រាយ ព្រមជាមួយគ្នានោះសេចក្តីព្រាងច្បាប់​ស្ដីពីអន្តោ​ប្រវេសន៍ ត្រូវបានរៀបចំ និងដាក់ជូនរដ្ឋសភាអនុម័ត ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា​ប្រកាស​ដាក់​ឲ្យប្រើប្រាស់ជាប្រញាប់កាលពីខែកញ្ញាឆ្នាំ១៩៩៤ ក្នុងគោលបំណងជំរុញឲ្យមានការដោះ​ស្រាយ​បញ្ហាជន​បរទេសអន្តោប្រវេសន្ត ដែលបានចូលមកតាំងទីលំនៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់ ប៉ុន្តែ​ប្រសិទ្ធភាព​នៃការអនុវត្តដោះស្រាយបញ្ហានេះត្រូវអូសបន្លាយ និងរាំងស្ទះដោយសារតែមូលហេតុនយោបាយ។

សម្តេចក្រឡាហោមបានបន្ថែមទៀតថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ដឹកនាំប្រកបដោយការ​ទទួលខុស​ត្រូវខ្ពស់ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការរៀបចំឯកសារបទដ្ឋានគតិយុត្តនានាជាច្រើន និង​បាន​ចាត់តាំងអនុវត្តការងារគ្រប់គ្រងជនបរទេសដែលចូល-ចេញ ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ​ទទួល​បានលទ្ធផលនានាជាច្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយបើកចំហរជើងមេឃ សំដៅទាក់ទាញ អ្នក​ទេសចរ ពាណិជ្ជករ អ្នកវិនិយោគ និងក្នុងការរក្សាសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម​ព្រមទាំងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សម្តេចក្រឡាហោមបន្តទៀតថា ចំពោះការដោះស្រាយ​បញ្ហាជន​បរទេសអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃបានចាត់ចែងធ្វើជំរឿនស្ថិតិជនបរទេសចំនួន ៣ លើក គឺនៅក្នុងឆ្នាំ ១៩៩៥,  ឆ្នាំ ២០០២, និងឆ្នាំ ២០១៥-១៦ សំដៅចាត់វិធានការដើម្បីគ្រប់​គ្រងវិភាគវាយតម្លៃអំពីស្ថានភាព​នៃជនបរទេសអន្តោប្រវេសន្ត និងបង្ការទប់ស្កាត់ការលួចជ្រៀតចូលថ្មីៗដែលខុសច្បាប់ចូលមកព្រះរាជាណាចក្រ កម្ពុជា៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ