សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃ នៅតែបន្ត និងពង្រឹងការដកហូតឯកសារមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់
July 17, 2019    អ្នកទស្សនា :

     សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ក្រសួងមហាផ្ទៃ នៅតែបន្ត និងពង្រឹងការដកហូតឯកសារ​មិន​ប្រក្រតីដែល​ជនបរទេសកំពុងកាន់កាប់ ដែលគិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ប៉ូលិសអន្តោប្រវេសន៍ បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា ចំនួន ៣៧៤៤១ ច្បាប់ ស្មើនឹង ២០០៩៣ គ្រួសារ ដោយមាន​មនុស្ស ៦៩៨៧១ នាក់ ក្នុងនោះមាន ១០​សញ្ជាតិ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​  ហើយឯកសារមិន​ប្រក្រតី​ទាំងនោះរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជាដើម។​ សម្តេច​ក្រឡា​ហោម បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ ដកហូត​​​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​ នៅទៅស្តីការក្រសួងមហាផ្ទៃ។

​សម្តេច​ក្រឡាហោម មានប្រសាសន៍ថា “​បើ​យើង​មិន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ទាំងនេះ​ទេ នោះ​ជនបរទេស​ជិត ៧​ម៉ឺន​នាក់​នេះ នឹង​ទទួលបាន​សញ្ជាតិ​ខ្មែរ ដោយ​ស្វ​យ​ប្រវត្តិ​។ នេះ​ជា​កំហុស​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ក្នុងការ​ផ្តល់​លិខិត​ឯកសារ​រដ្ឋបាល មិន​ប្រក្រតី​ទាំងនោះ ដល់​ជនបរទេស​។ រីឯ​ជនបរទេស ដែល​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ទាំងនោះ ក៏​ប្រឈម​នឹង​ការ​ទទួលទោស​តាមច្បាប់​។ ម្យ៉ាងទៀត នៅពេលនេះ បើ​យើង​មិន​ធ្វើ នោះ​យើង​នឹង​ខុស ហើយ​កំហុស​នេះ នៅ​ស្ថិត​ស្ថិរ និង​ជា​កំហុស​ប្រវត្តិសាស្ត្រ​”​។​

​ព្រមជាមួយគ្នានោះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ប្រកាសថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ចំនួន ៧១៩៩១ ឯកសារ ដោយមាន​មនុស្ស ៣២៧៣៥ គ្រួសារនិង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅ​កម្ពុជា ចំនួន ៦២៥៣១ ឯកសារ ដោយមាន​មនុស្ស ២៨៥៧១ គ្រួសារ ដែលក្នុងនោះមាន ១១​សញ្ជាតិ​៕​ គឹមអាន

ដោយ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ