logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ប្រាក់ សោភ័ណ អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប
82
14-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណជាង ៣០០នាក់។


ក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប ដែលទើបទទួលបានការប្រកាសសមាសភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងអំណរគុណ និងសម្តែងនូវភាពស្មោះត្រង់ឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបានប្ដេជ្ញាចិត្តថា នឹងដឹកនាំគណៈកម្មាធិការ គោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនជាសមាជិក តាមរយៈការចុះក្តាប់ជាប់នូវស្ថានការណ៍ជាក់ស្តែង។ ផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬការជួយអន្តរាគមន៍នានា និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ បេឡាមរណៈសង្គ្រោះ ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាព ឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ឱ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការខេត្ត គឺជាការជំរុញបន្ថែមទៀតនូវការសម្របសម្រួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគមខេត្តជូនអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន។‎‎


ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានលើកឡើងផងដែរថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃ។


បន្ថែមលើនេះទៀត ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តសៀមរាបទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ តម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធល្អប្រសើរ ដើម្បីរួមគ្នាជាធ្លុងមួយ ធានារក្សាឱ្យបាននូវសុវត្ថិភាពសង្គម និងសុខដុមរមនាជូនប្រជាពលរដ្ឋ៕


ប្រភព៖រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ