

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀល ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ លោក លោកស្រីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសមាជិក សមាជិកា តាមប្រព័ន្ធ Zoom ផងដែរ។
លោកជំទាវ រដ្ឋលេខាធិការ មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្របញ្ជាបយេនឌ័រ របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០ នាឱកាសដ៏មានអត្ថន័យនេះ។ លោកជំទាវ រដ្ឋលេខាធិការ បានលេីកឡេីងថា ក្នុងនាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ផ្តល់មតិយោបល់ល្អៗ និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០នេះ។
លោកជំទាវ រដ្ឋលេខាធិការ បានបន្តថាសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមគ្នាពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលពី បណ្តាអគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការ ពិនិត្យ កែសម្រួល និងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រ បញ្ជ្រាយេនឌ័រឆ្នាំ២០២៦-២០៣០ ក្រសួងមហាផ្ទៃ ឱ្យមានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ លោកជំទាវ រដ្ឋលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះលោក លោកស្រី ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំនូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយ និងចូលរួមកាត់បន្ថយគម្លាតយេនឌ័រ និងជួយលើកកម្ពស់ សមភាពយេនឌ័រនៅក្នុងវិស័យរបស់ខ្លួន ព្រមទាំងចូលរួមចំណែកក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក្នុងការដឹកនាំគ្រប់គ្រង រដ្ឋបាលដែនដី គ្រប់លំដាប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល និងការដឹកនាំគ្រប់គ្រងលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ទិសដៅអាទិភាពសំខាន់ៗ ចំនួន៥គឺ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យឆ្ពោះទៅរកភាពរីកចម្រើន ប្រកបដោយចីរភាព ក្នុងចំណោមអាទិភាពទាំងនេះ “មនុស្ស” ត្រូវបានកំណត់ជាអាទិភាពទីមួយ ដែលបង្ហាញ ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងពង្រឹងគុណភាពធនធានមនុស្ស។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិស្ត្រី ដោយកំណត់យក“ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី នៅគ្រប់វិស័យ” គឺជាអាទិភាពតាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្នក្នុងនោះ “ស្ត្រី គឺជា ស្នូល” ដែលផ្តល់ឱកាសបន្ថែមទៀតសម្រាប់ការចូលរួមរបស់ស្ត្រី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ











