កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រឆ្នាំ២០១៨
August 07, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាគណអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រឆ្នាំ២០១៨ ដែលរៀបចំដោយក្រសួងផែនការ គាំទ្រដោយ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រក្នុងខេត្ត និងបានគាំទ្រយ៉ាងពេញទំហឹងលើដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រសម្រាប់ខេត្តកំពង់ធំ ពីព្រោះទិន្នន័យនេះ មានសារៈសំខាន់ណាស់សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ធំទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងណែនាំជាប្រចាំទៅដល់ថ្នាក់មូលដ្ឋាន ឲ្យចូលរួមចំណែកសម្របសម្រួលក្នុងការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីឲ្យការងារនេះទទួលបាននូវលទ្ធផលល្អប្រសើរ និងមានភាពសុក្រឹត្យដែលអាចជឿទុកចិត្តបាន។ ឯកឧត្តម ថេង បញ្ញាធន មានប្រសាសន៍លើកឡើងថា ភាពក្រីក្រនៅតែជាមូលហេតុស្មុគស្មាញ ដោយសារកំណើនប្រជាពលរដ្ឋកើនឡើងខ្ពស់ កង្វះអនាម័យ ការអប់រំ កាលានុវត្តភាពស្បៀង សុវត្ថិភាពស្បៀង ការរើសអើងក្នុងសង្គម និងភាពងាយរងគ្រោះ។ ដើម្បីឲ្យការងារនេះ ធានាប្រសិទ្ធភាព ព្រមទាំងពន្លឿនក្នុងការកាត់បន្ថយភាពក្រីក្រឲ្យបានលឿន ក្រសួងផែនការយល់ឃើញថា គួរមានសំណុំអន្តរាគមន៍សេវា២យ៉ាង គឺសំណុំអន្តរាគមន៍សេវាដើម្បីបង្កើនចំណូល និងសំណុំអន្តរាគមន៍សេវាដើម្បីកាត់បន្ថយចំណាយ ដោយផ្តោតឲ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ ពីវិបត្តិដែលអាចបណ្តាលឲ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឲ្យស្ថានភាពលំបាករបស់ពួកគាត់ កាន់តែមានភាពធ្ងន់ធ្ងរឡើង។ ដូច្នេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកអភិបាលក្រុង ស្រុក និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ទាក់ទងនឹងអត្ថប្រយោជន៍នៃការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ ឯកឧត្តមបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកបដោយគតិបណ្ឌិត និងមានភាពឈ្លាសវៃ បានចាត់ទុកថា ភាពក្រីក្រ ជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ភាពមិនអាចទទួលយកបានខាងសីលធម៌ និងភាពបែកបាក់នៃសង្គម និងបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីជំរុញកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ