រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុករបស់រដ្ឋបាលខេត្ត
October 15, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុករបស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរខេត្ត និងមានការអញ្ជើញចូលរួមពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ក្រុមការងារកសាងផែនការខេត្ត និងដោយឡែកមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុកចូលរួមតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការរៀបចំនូវវេទិកាពិគ្រោះយោបល់គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និងជាពិសេស គឺពង្រឹងការអនុវត្តន៍គោលការណ៍ទាំង៩ នឹងវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរការប្រព្រឹត្តិទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្ដាលថ្នាក់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនៅលើការអភិវឌ្ឍទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងខេត្ត ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។

វេទិកាពិគ្រោះយោបល់នេះ រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត បានធ្វើបទបង្ហាញអំពីលទ្ធផលសកម្មភាពបានអនុវត្តគម្រោង សកម្មភាពគ្រោងកំពុងអនុវត្ត និងលើកទិសដៅអនុវត្តបន្ដយ៉ាងផុលផុសទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ និងបានប្រកាសឱ្យដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅក្រុង ស្រុក ទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

ទន្ទឹមនោះដែរ ដើម្បីឱ្យដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅក្រុង ស្រុក ទទួលបានលទ្ធផលល្អ ឯកឧត្តមអម សុភា បានផ្ដាំផ្ញើអនុសាសន៍មួយចំនួនសម្រាប់ការអនុវត្តដូចខាងក្រោម៖

១.ក្រុមការងារកសាងកម្មវិធីវិនិយោគខេត្ត ក្រុង ស្រុក បន្ដសកម្មភាពរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)របស់ខេត្ត ក្រុង ស្រុក តាមសេចក្ដីណែនាំបច្ចេកទេសស្ដីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបន្តទៀត ដើម្បីដាក់ជូនក្រុមប្រឹក្សាថ្នាក់រដ្ឋបាលនីមួយៗអនុម័តឱ្យបានទាន់ពេលវេលាស្របតាមច្បាប់កំណត់។

២.មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិនិយោគក្រុង ស្រុក និងត្រូវផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ សង្កាត់ដើម្បីជម្រុញ និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈរបស់រដ្ឋ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

៣.សំណូមពរដល់អង្គការជាតិ អន្តរជាតិ សមាគមទាំងអស់ ដែលជាដៃគូអភិវឌ្ឍន៍ខេត្ត សូមពិនិត្យលើសកម្មភាពជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនការគាំទ្រវិនិយោគរបស់ឃុំ សង្កាត់ នៅតាមទីតាំងគោលដៅអភិវឌ្ឍន៍របស់ខ្លួន។

៤. អភិបាលក្រុង ស្រុក ត្រូវរៀបចំដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះឱ្យដំណើរការទទួលបានលទ្ធផលល្អតាមការគ្រោងទុក ព្រមទាំងសម្របសម្រួលកៀរគរឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីវប្បធម៌ការចូលរួមគាំទ្រគម្រោងសកម្មភាព និងធ្វើសេចក្ដីសម្រេចចិត្តសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

បន្ថែមពីនោះ ឯកឧត្តមអម សុភា បានជម្រុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវបន្ដផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីផលប្រយោជន៍នៃទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីជម្រុញឱ្យុពួកគាត់ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាក្នុងការបន្ស៊ាំ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ព្រមទាំងបន្ដផ្សព្វផ្សាយអំពីវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពា»៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ