កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល
June 25, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកនាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត លោកតំណាងព្រះរាជអាជ្ញាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលនៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកធ្វើឲ្យខេត្តរក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមទាំងបានចូលរួមជាមួយរដ្ឋបាលខេត្តនៅក្នុងសកម្មភាពសង្គមនានា ជាពិសេសការសហការក្នុងការរៀបចំពិធីធំៗ តួយ៉ាងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីសង្រ្កាន្តស្វាយរៀង និងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រនៅតាមតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងក្រុងបាវិតឲ្យទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ៖

-ត្រូវបន្តបន្តខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរថែមទៀត ។

-អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់គ្រោះថ្នាក់សង្គមផ្សេងៗ និងគ្រោះមហន្តរាយធម្មជាតិ ដូចជាអគ្គីភ័យ ខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង និងរន្ទះ ជាដើម ជាពិសេសនៅពេលមានភ្លៀងធ្លាក់ ព្រមទាំងត្រូវត្រៀមរៀបចំទីទួលសុវត្ថិភាព និងចុះ អន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។

-មន្ទីរកសិកម្ម ត្រូវជំរុញប្រជាពលរដ្ឋឲ្យអនុវត្តការបង្កបង្កើនផលស្រូវរដូវវស្សា ឲ្យបានទាន់ពេលវេលា និងទទួលបានទិន្នផលខ្ពស់ ព្រមទាំងត្រូវចាត់វិធានការត្រៀមបង្ការសត្វល្អិតបំផ្លាញដំណាំស្រូវ និងដំណាំផ្សេងៗ ។

-រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។

-គ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរួមសហការគ្នាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយប្រើប្រាស់កម្លាំងសរុប ដើម្បីការពារដំណើរការនេះឲ្យបានល្អប្រសើរ ប្រព្រឹត្តទៅដោយរលូន ទាំងនៅក្នុងពេលឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ