អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
October 10, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ដល់លំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ឯកឧត្តមគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះបាត់បង់ទ្រព្យសម្បត្តិដោយសារគ្រោះអគ្គីភ័យនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើការខិតខំរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលបានជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលវេលា មិនបណ្តាលឱ្យឆេះរាលដាលទៅលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដ៏ទៃទៀតកាន់តែច្រើនជាងនេះ។

ឯកឧត្តមគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋបន្ថែមថា គោលបំណងដែលឯកឧត្តម អញ្ជើញចុះពិនិត្យដល់ទីតាំងដោយផ្ទាល់នេះ ក្រៅពីការចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន បងប្អូនរងគ្រោះចំនួន០៣គ្រួសារនេះហើយ គឺឯកឧត្តមចង់ស្វែងរកដំណោះស្រាយទៅបញ្ហា គ្រោះអគ្គីភ័យ ដែលបានកើតឡើងជាបន្តបន្ទាប់នៅលើទីតាំងដដែលៗនេះ ក្នុងឯកឧត្តមបានផ្តល់អនុសាសន៍ដូចខាងក្រោម៖

បងប្អូនប្រជាពលរដ្ឋត្រូវម្ចាស់ការលើខ្លួនឯង និងត្រូវចេះសហការជួយគ្នាទៅវិញទៅមក (ចំពោះមុខយើងមិនអាចបញ្ជូនរថយន្តពន្លត់អគ្គីភ័យពីលើគោកមកតំបន់កោះបានទាន់ពេលវេលានោះទេ ណាមួយយើងមិនទាន់មានប្រព័ន្ធគមនាគមន៍គ្រប់គ្រាន់)ត្រៀមប្រព័ន្ធបណ្តាញទឹកដើម្បីអន្តរាគមន៍ជាក់ស្តែង និងគ្រប់ផ្ទះត្រូវមានបំពង់ពន្លត់អគ្គីភ័យ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានដែលសង់ជាប់ៗគ្នា នៅតាមបណ្តោយឆ្នេរកោះតូចនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ នឹងសេចក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យនាពេលនេះ ព្រមទាំងបាននាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារ:ចែកជូនបងប្អូនដើម្បីជួយដោះស្រាយ ការលំបាកបានមួយផ្នែកផងដែរ។

ជាចុងក្រោយ ឯកឧត្តមគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន នៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំនេះ នឹងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ព្រមទាំងត្រូវគោរពវវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកក្រុមគ្រួសារពីការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រជរដ្ឋាភិបាលបាន និងកំពុងសាកល្បងដើម្បីបើកសេដ្ឋកិច្ចប្រទេសឡើងវិញ ប្រសិនបើបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ បានល្អ ដោយការពារមិនឱ្យកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បន្តនោះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ