រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តសាលដីការបស់សាលាឧទ្ធរណ៍ លើទីតាំងដីស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ
October 20, 2021 អ្នកទស្សនា :

រសៀលថ្ងៃអង្គាទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តសាលដីកាលេខ ៥៦ ”ដ” ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ របស់សាលាឧទ្ធរណ៍ លើទីតាំងដីស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និង លោក លោកស្រីជាក្រុមគ្រួសាររបស់លោក ឥន្ទ សុពុម។

យោងតាមរបាយការណ៍របស់មន្រ្តីជំនាញ ទីតាំងដីខាងលើ គឺបានចុះបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិ របស់សាខាពន្ធដារក្រុងព្រះសីហនុ (បច្ចុប្បន្នសាខាពន្ធដារខេត្តព្រះសីហនុ) តាំងពីឆ្នាំ១៩៩២ ។ ដែលលោក ឥន្ទ សុពុម ជាមន្រ្តីពន្ធដារសាខាស្រុកស្ទឹងហាវ បានស្នើសុំធ្វើផ្ទះសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន និងបានសន្យាថានៅពេលសាខាពន្ធដារត្រូវការសាងសង់ស្នាក់ការ គាត់នឹងព្រមចាកចេញដោយមិនប្រកែក ។ ជាក់ស្តែងនៅពេលសាខាពន្ធដារត្រូវការសាងសង់ស្នាក់ការសាខាស្រុកស្ទឹងហាវ គឺលោក ឥន្ទ សុពុម មិនព្រមប្រគល់ដីជូនសាខាពន្ធដារវិញទេ ថែមទាំងបានដោះស្លាកសាខាខណ្ឌស្ទឹងហាវ(ស្រុកស្ទឹងហាវ) បោះចូលទឹកសមុទ្រទៀត។

យោងសាលក្រមលេខ ៣៤ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ ២០០៧ របស់តុលាការ ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ) និងសាលដីកាលេខ ៥៦ ”ដ” ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ របស់សាលាឧទ្ធរណ៍ បានសម្រេចឱ្យលោក ឥន្ទ សុពុម ប្រគល់ដីទំហំ ៣៣ម៉ែត្រ x ៤០ម៉ែត្រ ឱ្យទៅសាខាពន្ធដារក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ) ធ្វើជាទ្រព្យសម្បត្តិរដ្ឋ។ ក្រោយមកលោក ឥន្ទ សុពុម ក៏បានទទួលមរណភាព ដោយមានកូនក្នុងបន្ទុក ០៦នាក់ ហើយមានអ្នកខ្លះរស់នៅតាមរាជធានី ខេត្តផ្សេង នៅសល់តែលោក ឥន្ទ សុវណ្ណ (កូនប្រុសលោក ឥន្ទ សុពុម) និងប្រពន្ធកំពុងរស់នៅលើដីនេះ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថាយោងតាមការសម្រេចរបស់តុលាការទាំងពីរថ្នាក់គឺ សាខាពន្ធដារខេត្តព្រះសីហនុ បានឈ្នះក្តី នឹងត្រូវយកទីតាំងខាងលើធ្វើការសាងសង់ជាស្នាក់ពន្ធដារស្រុក ប៉ុន្តែជាគុណធម៌គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ថវិកាចំនួន ៦០.០០០ (ហុកសិបពាន់)ដុល្លារអាមេរិក និងរដ្ឋបាលខេត្ត ក៏បានផ្តល់ ដីសម្បទានសង្គមកិច្ច ជូនគ្រួសារលោក ឥន្ទ សុពុម ចំនួន ០១ឡូត៌ ទំហំ៣០ម៉ែត្រ x ៤០ម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផងដែរ។

ចំពោះគោលការណ៍ឈ្នះឈ្នះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត ដែលឯកឧត្តមអភិបាលខេត្ត បានលើកឡើងខាងលើគឺលោក ឥន្ទ សុវណ្ណ និងភរិយា បានយល់ព្រមទទួលដោយស្ម័គ្រចិត្ត និងយល់ព្រមរុះរើសំណង់របស់ខ្លួននៅលើទីតាំងដីស្នាក់ការពន្ធដារស្រុកស្ទឹងហាវ ដោយស្នើសុំរយៈពេល០១ខែ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះភាគីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដោយសាខាពន្ធដារខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងតំណាងក្រុមគ្រួសារលោក ឥន្ទ សុពុម ដែលបានចូលរួមកិច្ចប្រជុំដោះស្រាយ និងបានយល់ព្រមទទួលយកគោលការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត ដោយស្ម័គ្រចិត្ត ដើម្បីបញ្ចប់បញ្ហាចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំទៅមន្ត្រីជំនាញ ដោយបានកំណត់ពេលវេលានៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ត្រូវជូនលោក ឥន្ទ សុវណ្ណ និងភរិយា ទៅពិនិត្យទីតាំងដីឡូត៌សម្បទានសង្គមកិច្ចដែលរដ្ឋបាលខេត្តផ្តល់ជូន ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឡែកចំពោះថវិកាចំនួន ៦០.០០០ (ហុកសិបពាន់)ដុល្លារអាមេរិក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់ជូននៅពេលដែលលោក ឥន្ទ សុវណ្ណ និងភរិយា ធ្វើការរុះរើសំណង់របស់ខ្លួននៅលើទីតាំងដីស្នាក់ការពន្ធដារ ស្រុកស្ទឹងហាវរួចរាល់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ