ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ
October 20, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុន អង្គភាពទទួលការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម លី រស្មី អនុរដ្ឋលេខធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បើកកិច្ចប្រជុំពិនិត្យសមិទ្ធផល ដែលក្រុមហ៊ុន និងអង្គភាពនីមួយៗបានស្ថាបនា ដើម្បីត្រៀមរៀបចំការប្រគល់ទទួល ថាតើយើងត្រូវធ្វើអ្វីខ្លះក្នុងការប្រគល់ទទួល និងផ្ទេរជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្ត ដើម្បីធានានិរន្តរភាពក្នុងការថែទាំប្រើប្រាស់បានយូរអង្វែង។ ម្យ៉ាងទៀតការខិតខំស្ថាបនាផ្លូវរបស់ក្រុមហ៊ុន និងអង្គភាពនីមួយៗ ដោយមានការសហការការទទួលខុសត្រូវ និងទទួលបានលទ្ធផលល្អដូចថ្ងៃនេះ ពិសេសការវាយតម្លៃលើការស្ថាបនា ទោះបីជួបប្រទះការរីករាលដាលជំងឺកូវីដ-១៩ យើងនៅតែទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុទទួលបានជោគជ័យ។

ឯកឧត្តមបន្តថា យើងបានបង្កើតក្រុមការងារចំនួន ៤ក្រុម ដែលមានក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយក្រុមការងារនីមួយៗមានភារកិច្ច ចុះ ពិនិត្យការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយផ្តោតសំខាន់មានដូចជា៖

១.កំរាលផ្លូវ

២.ប្រព័ន្ធលូទឹកភ្លៀង

៣.លូទឹកកខ្វក់

៤.ចិញ្ចើមផ្លូវ

៥.ការងារក្រាលថ្មក្រានីត

៦.បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ

៧.ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ

៨.លូចំហរ

៩.បេតុងអ៊ុតកៅស៊ូ

១០.គំនូសចរាចរណ៍

១១.ការងារដាំដើមឈើលម្អផ្លូវជាដើម។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងអង្គភាពដែលបានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេស និងបន្តត្រួតពិនិត្យអំពីគុណភាព មុននឹងផ្ទេរមកឱ្យរដ្ឋបាលខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងបន្ត។ ព្រោះផ្លូវ ៣៤ខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលក្រុមហ៊ុន និងអង្គភាព ដែលបានស្ថាបនាបញ្ចប់ទាំងស្រុង។

ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានសំណូមពរឱ្យក្រុមការងារចុះពិនិត្យ វាយតម្លៃ ការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុន និងអង្គភាពទទួលកាស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ធ្វើការជួសជុលឱ្យមានគុណភាព ១០០ភាគរយ ម្យ៉ាងទៀតខេត្តព្រះសីហនុ នឹងត្រូវបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១ ព្រមទាំងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិការអាស៊ាននៅខែមករា ឆ្នាំ២០២២ និងបន្តបើកកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ