អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តីជំនាញ ត្រូវបង្កើនការផ្តល់ពូជដំណាំដែលមានទិន្នផលល្អ ដល់កសិករដាំដុះឲ្យបានច្រើន ដើម្បីក្លាយជាផលិតផលប្រចាំខេត្ត ព្រោះវាមានតម្រូវការខ្ពស់ និងតម្លៃថ្លៃក្នុងទីផ្សារ
October 19, 2021 អ្នកទស្សនា :

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្ទីរកសិកម្មខេត្ត ត្រូវបង្កើនការផ្តល់ពូជដំឡូងបារាំង និងខ្ទឹមស ដល់កសិករដាំដុះឲ្យបានច្រើន ដើម្បីក្លាយជាផលិតផលប្រចាំខេត្ត ព្រោះវាមានតម្រូវការខ្ពស់ និងតម្លៃថ្លៃក្នុងទីផ្សារ ឯកឧត្តម ថង សាវុន ថ្លែងក្នុងពិធីចែកពូជដំឡូងបារាំង និងខ្ទឹមស ដល់កសិករនៅមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ ថ្លែងនូវការកោតសសើរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំសហការស្រាវជ្រាវជាមួយសកលវិទ្យាល័យកសិកម្ម រកពូជដំណាំដែលជាតម្រូវការទីផ្សារ និងមានការបញ្ជាទិញច្រើនក្នុងតម្លៃខ្ពស់។ ឯកឧត្តម អភិបាលខេត្តបន្តថា ដោយសារខេត្តមណ្ឌលគិរី មានស្ថានភាពភូមិសាស្ត្រអាកាសធាតុខុសប្លែកពីបណ្តាខេត្តដទៃ វាបានក្លាយជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋ ធ្វើទំនើបកម្មវិស័យកសិឧស្សាហកម្ម រួមមាន ដំណាំកាហ្វេ ទុរេន ដំឡូងបារាំង និងខ្ទឹមស ដែលនៅខេត្តផ្សេង ពិបាក់ក្នុងការដាំដុះ។

ដើម្បីអភិវឌ្ឍន៍ និងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋដែលធ្វើកសិកម្មឲ្យបានល្អប្រសើរ ដោយផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្ទីរកសិកម្ម ត្រូវពង្រឹងការងារបច្ចេកទេសដាំដុះដំណាំធម្មជាតិដល់កសិករ ដើម្បីចាប់យកឱកាសក្តាប់ទីផ្សារលក់កសិផលរបស់ខេត្តមណ្ឌលគិរី ដល់ភ្ញៀវទេសចរទៅកម្សាន្តលេងក្នុងខេត្ត ជាពិសេស គឺកិត្តិនាមបន្លែផ្លែឈើធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលទទួលស្គាល់ពីមហាជន។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ការពិសោធន៍ប្រៀបធៀបពូជដំឡូងបារាំងនៅខេត្តមណ្ឌលគិរី ត្រូវបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០១៦ ដល់២០១៨ បានធ្វើឡើងនៅទីតាំង រយៈកំពស់៧៥០ម៉ែត្រ ទៅ ៨៤០ម៉ែត្រ និងមានប្រភពពូជមកពីបណ្តាប្រទេសផ្សេងៗ វៀតណាម,កូរ៉េខាងត្បូង,អាឡឺម៉ង់,កាណាដា អាចដាំដុះបានទទួលបានទិន្នផលមធ្យម១៧តោន/ហិកតា។ លោក បញ្ជាក់ថា ចំណែកការដាំខ្ទឹមស សាកល្បងនៅក្រុងសែនមនោរម្យ ជាលទ្ធផលឆ្នាំទី០១ ឃើញថាមានការដុះលូតលាស់ល្អ និងទទួលបានទិន្នផលជាមធ្យម១០តោន/ហិកតា។

សូមបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចែកពូជដំឡូងបារាំង និងខ្ទឹមស ជូនប្រជាពលរដ្ឋចំនួន ៣២គ្រួសារ និងបានផ្តល់ម៉ាស៊ីនកិនកាហ្វេចំនួន ២គ្រឿងដល់សហគមន៍កាហ្វេប៊ូស្រាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ