រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន ដើម្បីចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ទូទាំងខេត្តសៀមរាប
September 25, 2021 អ្នកទស្សនា :

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុន JET’S EXPRESS CAMBODIA របស់ លោកឧកញ៉ា ស្រី ចាន់ថន បាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីជួយគ្នាក្នុងគ្រាលំបាកក្នុងប្រយុទ្ធប្រឆាំង កាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងពេលបិទខ្ទប់ជាបណ្តោះអាសន្នភូមិសាស្ត្រភូមិសង្កាត់កំណត់ជាតំបន់ក្រហម និងលឿងទុំក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោក ពិន ប្រាកដ អភិបាលរងខេត្ត។

ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុន JET’S EXPRESS CAMBODIA ដែលមានលោកឧកញ៉ា ស្រី ចាន់ថន និងសហភាពសហព័ន្ធស្រូវ អង្ករកម្ពុជា និង ក្រុមហ៊ុន គឹម ផល្លី គ្រុបបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគនិងសម្ភារក្នុងកិច្ចបម្រើដល់យុទ្ធនាការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប សំខាន់សម្រាប់យកទៅផ្តល់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ សង្កាត់ ដែលត្រូវបានបិទខ្ទប់ ដែលកំណត់ជាតំបន់ក្រហមកំពុងជួបការខ្វះខាតស្បៀងអាហារ។

ឯកឧត្តមក៏បានជម្រាបជូន ដល់សប្បុរសជនថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ២០២១នេះ អាជ្ញាធរខេត្តបានធ្វើការពង្រីកបន្ថែមនូវមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង ក្នុងការទទួលបងប្អូនធ្វើចំណាកស្រុកមកពីក្រៅប្រទេស ព្រមទាំងទីកន្លែងសម្រាប់ធ្វើការព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំងបានបន្តធ្វើការបិទខ្ទប់ កំណត់តំបន់ក្រហម និង លឿងទុំ នៅមូលដ្ឋានភូមិ សង្កាត់មួយចំនួនក្នុងក្រុងសៀមរាប និង ភូមិឃុំតាមបណ្តាស្រុកមួយចំនួន ក្នុងគោលបំណងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍។

ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរ ដល់ក្រុមហ៊ុនក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុកបន្តទៀត ចំពោះអំណោយជាគ្រឿងឧបភោគបរិភោគទាំងនេះ រដ្ឋបាលខេត្ត នឹងធ្វើការបែងចែកជូនទៅអាជ្ញាធរក្រុង ស្រុក ធ្វើការចែកជូនដល់បងប្អូនជាគ្រូសារក្រ១,ក្រ២ នៅក្នុងមូលដ្ឋានខ្លួន។

ឯកឧត្តមក៏បានលើកផងដែរថា ក្នុងរយៈពេលធ្វើការបិទខ្ទប់ នៅតំបន់ក្រហម ត្រូវបានរដ្ឋបាលខេត្តផ្តល់នូវស្បៀងជូន ដើមី្បអាជ្ញាធរមូលដ្ឋានយកទៅផ្តល់ជូននៅតាមលំនៅដ្ឋាន ចំពោះប្រជាពលរដ្ឋ ប្រភេទក្រ១, ក្រ២ ដែលនៅទូទាំងក្រុងសៀមរាបមានប្រមាណ ៧ពាន់គ្រួសារ ដែលត្រូវចែកជូនជា បន្តបន្ទាប់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចទូទាំងប្រទេស សូមចូលរួមជាមួយអាជ្ញាធរ ក្នុងការអនុវត្តវិធានការឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់ផ្តាច់ការចម្លងមេរោគដ៏កាច សាហាវនេះ កុំឲ្យរីករាលដាលចូលក្នុងសហគមន៍ ដល់គ្រួសារ ញាតិមិត្តរបស់ខ្លួន ដែលធ្វើឲ្យយើងបាត់បង់នូវពេលវេលា ក្នុងកិច្ចការប្រកបរបរចិញ្ចឹមជីវិត នៅពេលធ្វើការបិទខ្ទប់។ ម៉្យាងទៀតទោះបីបងប្អូនបានធ្វើការចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ពិតមែន ក៏ត្រូវបងប្អូនបន្តចូលរួមសហការអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាព ខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៀតផង។

អំណោយទាំងនោះរួមមានអង្ករចំនួន ៧តោន ,មី ,ត្រីខ, ទឹកត្រី , ទឹកសុទ្ធ សរុប ៧០០កេស និងសហភាព សហព័ន្ធ ស្រូវ អង្ករកម្ពុជា អង្ករ ៤តោនកន្លះ និង ក្រុមហ៊ុន គឹម ផល្លី គ្រុប ផ្តល់តាមរយៈសមាគមចលនាយុវជនកម្ពុជា ១៥៧ នូវ អង្ករ១តោន ,មី១២កេសតូច និងទឹកសុទ្ធ១០០យួរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ