ពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ស្ពានភ្ជាប់ពីភូមិអូរកន្ធរជើង ក្នុងក្រុងស្ទឹងសែន ទៅភូមិពាមគ្រែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
June 03, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋជាច្រើនបានប្រារព្ធពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នូវស្ពានមួយកន្លែងស្ថិតនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរបានធ្វើរបាយការណ៍អំពីការកសាងស្ពានមួយកន្លែងនេះ ចំណាយថវិកាអស់ជិត ២០លានរៀល ដែលថវិកាទាំងនេះ បានមកពីការចូលរួមរបស់សប្បុរសជន និងប្រជាពលរដ្ឋ ។ ស្ពាននេះគឺជាការតភ្ជាប់ពីភូមិអូរកន្ធរជើង ក្រុងស្ទឹងសែន ទៅភូមិពាមគ្រែង ស្រុកកំពង់សា្វយ ដែលមានប្រជាពលរដ្ឋជាច្រើនធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ ។ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលកន្លងមកតែងតែបានចូលរួមថវិកាផ្ទាល់ខ្លួនសម្រាប់កសាងផ្លូវ សាលារៀន វត្តអារាម និងជាពិសេសស្ពាននេះជាដើម ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ នេះក៏ជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេះពីទឹកចិត្តជ្រះថ្លា សាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយផងដែរ ។ ឯកឧត្តម បានបន្ថែមថា ផ្លូវថ្នល់ សាលា មន្ទីរពេទ្យ ត្រូវបានកសាង និងអភិវឌ្ឍក្រោមបន្ទាត់នយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមបានផ្សព្វផ្សាយនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពភាព ដូចជា បញ្ហាគ្រឿងញៀន ចរាចរណ៍ ។ល។និង។ល។ ដែលមន្ត្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ និងបង្ក្រាបរាល់បទល្មើសនានា ដើម្បីរក្សាសេចក្តីសុខដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខ ស្តាប់នូវសំណូមពរ និងបញ្ហាដែលពួកគាត់ជួបប្រទះ ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការដោះស្រាយ និងអភិវឌ្ឍភូមិ ឃុំ របស់ខ្លួនឲ្យបានចំគោលដៅ និងទាន់ពេលវេលា។ លើសពីនេះទៀត ឯកឧត្តមក៏បានរំលឹកផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវប្រឹងប្រែង បម្រើសេវាដល់ប្រជាពលរដ្ឋឲ្យបានល្អ ដែលសម្តេចតេជោតែងតែលើក និងពន្យល់អំពីអភិក្រមទាំងបួនគឺ “ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់” ។ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងជ្រើសរើសមេដឹកនាំ ដែលបម្រើប្រជាពលរដ្ឋពិត ដឹងសុខ ដឹងទុក្ខប្រជាពលរដ្ឋ ជាពិសេសជាមេដឹកនាំដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ។ កុំជឿពាក្យញុះញ៉ុង បោកប្រាស់ ដែលធ្វើឲ្យប្រទេសយើងបែកបាក់ មានជម្លោះ មិនចេះចប់មិនចេះហើយ ។ មានតែរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ តែមួយគត់ ដែលតែងតែនៅជាមួយ បងប្អូនប្រជាពលរដ្ឋ ដឹងសុខ ដឹងទុក្ខ និងថែរក្សា ការពារ មិនឲ្យអ្នកណាអាចមកបំផ្លាញសេចក្តីសុខ របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះបានឡើយ ។ ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បងប្អូនត្រូវតែទៅបោះឆ្នោត ដើម្បីគាំទ្ររាជរដ្ឋាភិបាលឲ្យបន្តគាំពារ និងអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត “បោះឆ្នោតជូនរាជរដ្ឋាភិបាលសព្វថ្ងៃ គឺដូចជាបោះឆ្នោតឲ្យខ្លួនឯង” ។ ជាចុងក្រោយគណៈអធិបតីបានចូលរួមថវិកាបន្ថែម បង្គ្រប់សម្រាប់ការកសាងស្ពាននេះ និងអញ្ជើញចូលរួមកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ