នៅព្រឹកថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគម្រោងចំណូលថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ជាច្រើនរូបទៀត។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា បើទោះបីជាទទួលនូវផលប៉ះពាល់ដោយសារ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក៏ដោយ តែគម្រោងអភិវឌ្ឍន៍ នៅតែបន្តជំហ៊ាន ទៅតាមផែនការ នៃឆ្នាំនីមួយៗ ជានិច្ច។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវពិនិត្យមើលគម្រោងអាទិភាព ដែលបម្រើឲ្យប្រយោជន៍សាធារណៈ និងមានសក្តានុពល សំដៅពង្រីកសក្តានុពលសេដ្ឋកិច្ច និងទទួលផលពីគម្រោងអភិវឌ្ឍនោះ មកវិញ។ មួយផ្នែកទៀត ក្រៅពីគម្រោងចំណាយលើកិច្ចការរដ្ឋបាល និងគម្រោងសម្រាប់ការអភិវឌ្ឍបន្ថែម គម្រោងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងនូវផលប៉ះពាល់ ដោយគ្រោះធម្មជាតិ ក៏ត្រូវបានដាក់បញ្ចូលដើម្បី ធានាបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបម្រើឲ្យប្រយោជន៍សាធារណៈ និងប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល ពីសមិទ្ធិផលទាំងនោះ។
គូសបញ្ចាក់ថា គម្រោងចំណូលសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះខេត្តកំពង់ចាម គ្រោងក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៣៤ពាន់លានរៀល បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ មានត្រឹមតែ ២៤ពាន់លានរៀល ប៉ុណ្ណោះ ហើយគម្រោងថវិកានេះ នឹងត្រូវដាក់អនុម័ត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណាត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងបញ្ចូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម