អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រគេនទៀនវស្សា ដល់វត្តអត្តខាត់ និងចុងកាត់មាត់ញក ចំនួន០៩វត្ត ក្នុងខេត្ត
July 23, 2021 អ្នកទស្សនា :

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីខេត្ត និងលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ព្រមទាំងសហការី នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ មានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំយកនូវបច្ច័យ ទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃតាមវត្តនីមួយៗដែលអត្តខាត់ និងចុងកាត់មាត់ញក ចំនួន០៩វត្ត ក្នុងខេត្ត នៅបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា បានឱ្យដឹងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ឱ្យតែឈានចូលរដូវបុណ្យទៀនម្តងៗ លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកាគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តែងតែបានរួបរួមសាមគ្គីគ្នា បរិច្ចាកទាំងថវិកា និងសម្ភារៈ ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្ត ដែលអត្តខាត់ និងចុងកាត់មាត់ញក ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងនោះ បានជូនដល់មាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីសន្តានកុំបីអាក់ខានឡើយ។

លោកជំទាវ បានលើកឡើងថា ខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាខេត្ត/ក្រុងដ៏ទៃផ្សេងទៀតដែរ គឺមានករណីផ្ទុះឡើងជំងឺកូវីដ១៩ (COVID-19) ដូចគ្នា, ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ឯកឧត្តមបានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស និងសូមអំពាវនាវយ៉ាងទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។

គណៈកម្មការ និងអាចារ្យតំណាងវត្តនីមួយៗ បានសម្តែងនូវទឹកចិត្តសោមនស្សក្រៃលែង ចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីខេត្ត និងលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ព្រមទាំងសហការីទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បានចំណាយធនធានផ្ទាល់ខ្លួន ដោយនាំយកមកនូវទៀនចំណាំព្រះវស្សា រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃ សម្រាប់ទ្រទ្រង់នារដូវគង់ចាំព្រះវស្សាអស់កាល៣ខែ ទោះស្ថិតក្នុងអំឡុងយុទ្ធនាការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តក៏ដោយ។

សូមបញ្ជាក់ថា ឆ្នាំនេះសាខាសមាគមនារីខេត្ត ដោយបានការចូលរួមបន្ថែមពីឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី បានរៀបចំទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ យកទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាជារួម នៅបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចំនួន០៩វត្ត គឺវត្តស្ពង, វត្តតាដេស, វត្តវាលនិន្ទ្រា វត្តតាពង់ពង្ស, វត្តរាំងក្វាវ, វត្តអំពួច វត្តបឹងត្នោត, វត្តបឹងស្តុក និងវត្តភ្នំលោក ដោយក្នុងមួយវត្ត បច្ច័យ៥៥ម៉ឺនរៀល, ទៀនចំណាំព្រះវស្សាមួយគូ, អង្ករ៥០គីឡូក្រាម ក្រៅពីនោះគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនទៀត៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ