logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាសាធារណៈដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់អគ្គិសនី
46
19-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ប្រមាណជិត ៤០០នាក់ ចូលរួមស្តាប់វេទិកាសាធារណៈស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់អគ្គិសនីក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម យឹម វិសិដ្ឋ អនុប្រធានទី១ អាជ្ញាធរអគ្គីសនីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។ ក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា ការប្រើប្រាស់អគ្គីសនីរបស់ពួកគាត់ ហាក់ដូចជាមានលក្ខណៈមិនប្រក្រតីមួយចំនួន ដូចជា កុងទ័រភ្លើងដើរលឿន បើទោះបីជាការប្រើប្រាស់សម្ភារៈរបស់ពួកគាត់ស្ថិតនៅដដែលក៏ដោយ។ ម្យ៉ាងវិញទៀត ពួកគាត់ក៏បានត្អូញត្អែរទៀតថា ចាប់តាំងពីតបណ្តាញអគ្គីសនី ដែលមានតម្លៃទាបមក យើងសង្កេតឃើញថា ចរន្តអគ្គីសនីមានការដាច់ញឹកញាប់ ដែលធ្វើឲ្យសម្ភារៈប្រើប្រាស់អគ្គីសនីក្នុងផ្ទះ មានការខូចខាត់ច្រើន។ ឯកឧត្តម យឹម វិសិដ្ឋ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់ និងស្រាយបំភ្លឺជូនប្រជាពលរដ្ឋ អំពីតួនាទីរបស់ក្រសួងរ៉ែ និងថាមពល របស់អាជ្ញាធរអគ្គីសនីកម្ពុជា និងអ្នកផ្គត់ផ្គង់អគ្គិសនី តាមការកំណត់របស់ច្បាប់អគ្គិសនីនិងជម្រាបអំពីផែនការបន្ថយអត្រា និងគម្លាតថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល រួចការបន្ថយថ្លៃលក់អគ្គិសនីតាមឆ្នាំនីមួយៗ ត្រូវធ្វើតាមផែនការ និងតាមថ្លៃប្រភពអគ្គិសនី ដូចជាប្រភពពីបណ្តាញជាតិ ពីប្រទេសជិតខាង និងពីការផលិតដោយម៉ាស៊ីនដ្យេសែលដែលមានអត្រាថ្លៃលក់អគ្គិសនីខុសៗគ្នា។ ចំពោះ សេវាករផ្គត់ផ្គង់អគ្គសនីទាំងអស់ត្រូវអនុវត្តតាមថ្លៃផែនការប្រភពបណ្តាញជាតិបាន ថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់ ដែលថាអ្នកផ្គត់ផ្គង់មិនបានផ្សព្វផ្សាយជាសាធារណៈនាំឲ្យមានការសង្ស័យយកលើសការកំណត់ គឺតម្រូវឲ្យអ្នកកាន់អាជ្ញាប័ណ្ណផ្គត់ផ្គង់អគ្គិសនីបិទផ្សព្វផ្សាយតារាងបញ្ជីថ្លៃជាសាធារណៈសម្រាប់អតិថិជន តាមការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ការដាច់ភ្លើងញឹកញាប់ បណ្តាលមកពីកត្តាជាច្រើន ដូចជាការប្រើប្រាស់លើសបន្ទុក ការឆ្លងចរន្តដោយសារមែកឈើ បាក់មែកឈើលើ រន្ទះបាញ់ ខ្សែបណ្តាញបញ្ជូនអគ្គិសនី មានចម្ងាយឆ្ងាយជិត ២០០ គីឡូម៉ែត្រ។ ល។ ដែលជាមូលហេតុធ្វើអោយមានការរអាក់រអួល ដើម្បីកាត់បន្ថយបាន សុំឲ្យមានការចូលរួមពីភាគីម្ចាស់ដើមឈើឲ្យគេកាប់ និងអ្នកផ្គត់ផ្គង់ត្រូវសម្អាតមែកឈើនៅតាមគន្លងបណ្តាញ ២២ គីឡូវ៉ុល របស់ខ្លួន នាឡិកាស្ទង់ដើរលឿនអាជ្ញាធរអគ្គិសនីកម្ពុជាបានពន្យល់តាមមូលដ្ឋានបច្ចេកទេស និងណែនាំនីតិវិធីសម្រាប់អ្នកប្រើប្រាស់ដាក់ពាក្យស្នើសុំ តាមរយៈអាជ្ញាធរឃុំ ស្រុក មកអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីចុះមកពិនិត្យ និងផ្ទៀងផ្ទាត់នាឡិកាស្ទង់ជូន ហើយអាជ្ញាធរស្នើ ឲ្យប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ។ ឯកឧត្តម សុខ លូ ថ្លែងថា វេទិកានេះ បានដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋបានលើកពីបញ្ហាមួយចំនួន ដូចជា បញ្ហាដាច់ភ្លើងញឹកញាប់ កុងទ័រភ្លើងដើរលឿន ភ្លើងឡើងគីឡូមានភាពមិនប្រក្រតី សូមអោយបងប្អូនប្រជាពលរដ្ឋដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមការងារចុះមកត្រួតពិនិត្យជាក់ស្តែងបានទាន់ពេលវេលាដោយមិនយកលុយទេ ប្រសិនបើមានកុងទ័រខូច ឌីសង់ទ័រខូច ដោយធម្មជាតិ (រន្ទះបាញ់ ដើរលឿន ដើរយឺត ឬគាំង) រាល់ការដោះដូរកុងទ័រថ្មីនេះ គឺមិនតម្រូវឲ្យប្រជាពលរដ្ឋបង់លុយនោះទេ។ ឯកឧត្តមបន្ថែមទៀតថា កាលពីមុន យើងមិនទាន់មានភ្លើងប្រើប្រាស់ទេ បងប្អូនប្រជាពលរដ្ឋសំណូមពរស្នើសុំអោយអាជ្ញាធរអគ្គីសនីតបណ្តាញអគ្គីសនីដល់ផ្ទះរបស់គាត់ ដោយបច្ចុប្បន្ននេះ ការផ្គត់ផ្គង់អគ្គីសនីនៅក្នុងខេត្តកំពង់ធំ ត្រូវនាំយកមកពីតំបន់ឆ្ងាយ ធ្វើការផ្គត់ផ្គង់អគ្គីសនីនេះ ជួបនូវបញ្ហារអាក់រអួលខ្លះ ដាច់ញឹកញាប់ ហើយការដាច់ភ្លើងនេះ មិនមែនដាច់តែផ្ទះបងប្អូនទេ ផ្ទះរបស់ឯកឧត្តមក៏ដាច់ដែរ ដាច់ភ្លើងគ្រប់កន្លែងទាំងអស់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ អំពីការដាច់ភ្លើងនេះ។ ចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ស្នើឲ្យក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី សេវាករទាំងអស់ សូមមេត្តាពិនិត្យនូវបុគ្គលិករបស់ខ្លួនឲ្យបានច្បាស់លាស់ និងសូមគ្រប់ក្រុងស្រុក ត្រូវខិតខំយកចិត្តទុកដាក់អំពីបញ្ហានេះ និងធ្វើការផ្សព្វផ្សាយបន្តទៀត អំពីតម្លៃសេវាករតបណ្តាញអគ្គីសនី នៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ ជៀសវាងសេវាករណាមួយ យកតម្លៃខ្ពស់ជាងអជ្ញាធរអគ្គីសនីកម្ពុជាបានកំណត់ ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរអគ្គីសនីកម្ពុជា ដែលបានចូលរួមចំណែកសហការជាមួយអាជ្ញាធរខេត្ត និងបានសំណូមពរ ដល់ឯកឧត្តម យឹម វិសិដ្ឋ ជួយពន្លឿននូវការសាងសង់អនុស្ថានីយ៍ឲ្យបានរួចរាល់ក្នុងកំឡុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីកាត់បន្ថយការដាច់ភ្លើងញឹកញាប់ និងអាចផ្គត់ផ្គង់អគ្គីសនីបានគ្រប់គ្រាន់ទូរទាំងខេត្តផងដែរ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ