ឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងសិក្ខាសាលាផ្សព្វផ្សាយសមាហរណកម្មផែនការ ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក សម្រាប់ឆ្នាំ២០១៨
May 18, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៨ នៅមន្ទីរផែនការខេត្ត មានបើកវេទិកាពិគ្រោះយោបល់ ស្ដីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងសិក្ខាសាលាផ្សព្វផ្សាយសមាហរណកម្មផែនការ ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក សម្រាប់ឆ្នាំ២០១៨ ក្រោមធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកនាយកទីចាត់ការចំណុះ ឲ្យសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក នាយក នាយករងរដ្ឋបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងអង្គការ សង្គមស៊ីវិល វិស័យឯកជន ចូលរួមសរុប ប្រមាណជា ១១៦នាក់ ផងដែរ ។ វេទិកាខាងលើនេះ ធ្វើឡើង ដើម្បី បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្រុះសម្រួល បន្ស៊ីនឹងតម្រូវការអភិវឌ្ឍទាំងនេះ ជាមួយនឹងគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក៏ដូចជា អ្នកពាក់ព័ន្ធនានា ដើម្បី ឈានបង្កើតឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ថ្លែងនាឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការបង្កើតនូវវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ ដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រកបដោយតម្លាភាព ដោយមានការចូលរួម ប្រកបដោយសង្គតិភាព និងជាពិសេស គឺពង្រឹងការអនុវត្តនូវគោលការណ៍ទាំង ៩ និងវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរការប្រព្រឹត្តទៅ នៃការរៀបចំ និងកសាងកម្មវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាល នៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបន្តថា រដ្ឋបាលខេត្តបានខិតខំអភិវឌ្ឍសមត្ថិភាពរបស់ខ្លួន ទាំងផ្នែករូបវ័ន្ត និងអរូបវ័ន្ត ជាពិសេស ការកែលំអសោភ័ណ្ឌភាពទីក្រុងនិងជនបទ ការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានផ្ដាំផ្ញើដល់អង្គពិធីទាំងមូល បន្តផ្សព្វផ្សាយជាសាធារណៈអំពីដំណើរការសិក្ខាសាលា សម្រាប់សកម្មផែនការឃុំ សង្កាត់ នៅថ្នាក់ក្រុងស្រុកឆ្នាំ២០១៨ ទៅដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាប ។ ដោយឡែក មន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវចិត្តទាំងតំណាងរបស់ខ្លួន ចុះតាមដានក្រុងស្រុក ដើម្បីគាំទ្រគម្រោងក្នុងសិក្ខាសាលា សម្រាប់សកម្មភាពផែនការ ឃុំ សង្កាត់ នៅថ្នាក់ក្រុងស្រុក របស់ខ្លួន និងកៀងគរ ប្រភពធនធានពីដៃគូអភិវឌ្ឍន៍នានា ដើម្បី មានមូលនិធិគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន លើគ្រប់វិស័យ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ។ ទន្ទឹមជាមួយនោះ រដ្ឋបាលខេត្ត ក្រុងស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ត្រូវជួបជាមួយនឹងអ្នកពាក់ព័ន្ធនានា ដើម្បី បានយល់ដឹងច្បាស់លាស់ អំពីទស្សនៈ គោលបំណង តម្រូវការអភិវឌ្ឍន៍ និងលទ្ធភាពថវិកា ពីគ្នាទៅវិញ ទៅមក ដោយតម្លាភាព ហើយនឹងអាចឈាន ទៅដល់មានការសម្របសម្រួលគ្នា ដើម្បី ឲ្យការវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន មានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ