នាព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលាស្រុកកៀនស្វាយ មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលដោយមានការចូលរួមពី មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបជាង ៧០០នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបម្រើការងារនៅទូទាំងស្រុក ជាពិសេសមន្ត្រីដែលបម្រើការងារក្នុងការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវ៖
+ពង្រឹងការអនុវត្តនូវតួនាទី ភារកិច្ច ព្រមទាំងរចនាសម្ព័ន្ធ ដែលមានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ។
+បើទោះបីជាមានអគារថ្មីស្អាតក៏ពិតមែន ប៉ុន្តែឥរិយាបថមន្ត្រីនៅតែជាកត្តាចាំបាច់ ក្នុងនោះខ្ញុំសូមផ្តាំផ្ញើដល់មន្ត្រីដែលបម្រើការងារនៅក្នុងច្រក ត្រូវផ្លាស់ប្តូរឥរិយាបថបំពេញការងារឲ្យស្របតាមរបៀបរបបបំពេញការងារតាមយន្តការថ្មី ជាពិសេសការផ្លាស់ប្តូរនូវឥរិយាបថពីអ្នកគ្រប់គ្រងទៅជាអ្នក ផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព និងភាពជឿទុកចិត្តបាន។ +សម្រាប់ប្រធាន អនុប្រធាន និងមន្ត្រីដែលបម្រើការងារក្នុងការិយាល័យច្រកចេញចូល តែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវខិតខំពង្រឹងសមត្ថភាពជាប្រចាំ ជាពិសេសសមត្ថភាពលើការប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យា និងចំណេះដឹងពាក់ព័ន្ធនឹងការងារច្រក។
+ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាអាត្រានុកូលដ្ឋានដោយគោរពឲ្យបាននូវពេលវេលា តម្លៃសេវា ទៅតាមការកំណត់របស់ច្បាប់
+ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមកំណែទម្រង់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែរ ព្យាបាល និងវះកាត់”។
+ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពួកគាត់មានទុក្ខលំបាកផ្សេងៗ ព្រមទាំងស្វែងយល់ពីតម្រូវការនានារបស់ពួកគាត់ ហើយធ្វើការដោះស្រាយជាបន្ទាន់ទៅតាមលទ្ធភាពជាក់ស្តែង។
+បន្តពង្រឹងការងារថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងចូលមកដល់នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
*ក្នុងឱកាសនោះដែរ ឯ.ឧ អភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ ម៉ឺនរៀល៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨)