logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​​ បាននាំយកផ្លូវបេតុងអាមេ​ ប្រវែង​ ២០០០ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ​ ជូនប្រជាពលរដ្ឋ​នៅភូមិត្នោតញី​ និងភូមិព្រៃទទឹង​ ឃុំខ្ពប នៃស្រុកស្អាង ខេត្តកណ្តាល​
52
14-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃចន្ទ ១៥រោច​ ខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨​ នៅឃុំខ្ពប​ ស្រុកស្អាង ខេត្តកណ្តាល​ មានរៀបចំ​ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង​ ២០០០​ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ​ កម្រាស់​ ០,១៥​ម៉ែត្រ​ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​​ ឯឧ​បណ្ឌិត ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល​។ ពិធី​នេះ​ផងដែរ​ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត, មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត និងស្រុក មេឃុំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋនៃឃុំថ្មគរនិងឃុំទឹកឃ្លាំង​ សរុបចំនួន ៥៦៩ នាក់។ *នៅក្នុងឱកាសនោះ​ ឯឧ​ អភិបាលខេត្ត​ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ​ និងអ្នកចូលរួម​ ពីសមិទ្ធផល​នានា​ និងការរីកចម្រើន​របស់ប្រទេស​ជាតិ ​ រួមមាន​ កំណើន​នៃទេសចរទាំងក្នុងស្រុក​ និងក្រៅស្រុក​ ការផ្តល់ទីផ្សារការងារដល់ប្រជាពលរដ្ឋ​​ ការកៀគរធនធានសម្រាប់កសាង​ វត្តអារាម​ សាលារៀន​ មន្ទីរពេទ្យ​ មណ្ឌល​សុខភាព​ ផ្លូវ​កៅស៊ូ​ ផ្លូវបេតុង​ តូចធំ​ វែងខ្លី ស្ពានតូចធំ​ ស្ពា​នវែងខ្លី​​ ដែលបានកើត​ឡើង​ព្រោងព្រាតក្នុងភូមិ​សាស្ត្រខេត្តកណ្តាល​ និងស្រុកស្អាង នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ដែលការរីកចម្រើន​ទាំងនេះ​ គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ ជាពិសេស​គឺ​មានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន​ នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា​ ។​​ *ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទទួលការ និងអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ដូចខាងក្រោម៖ + ផ្តាំផ្ញើដល់ក្រុមហ៊ុនសាងសង់ផ្លូវ ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព​។ +​ណែនាំអោយអាជ្ញាធរ​ដែនដី និងកងកម្លាំង​ ត្រូវខិតខំថែរក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណ:​ និងការផ្តល់សេវាសាធារណ:​ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ​ ពិសេសខិតខំលុបបំបាត់ល្បែងសុីសង​ អំពើលួចឆក់ប្លន់​ គ្រឿងញៀន។ +ត្រូវអំពាវនាវឱ្យបងប្អូនទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាពអោយបានស្ថិតស្ថេរ និងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា​ ដើម្បីការពារ​សន្តិភាពដែលយើងមានរួចហើយ​ និងដើម្បីអភិវឌ្ឍន៍ភូមិ​ ឃុំ​ របស់យើងឱ្យមានការរីកចម្រើនជា​បន្តបន្ទាប់ទៅទៀត។ សូមបញ្ជាក់ថា​ ៖​ ឃុំខ្ពប​ នៃស្រុកស្អាង​ ខេត្តកណ្តាល ស្ថិតនៅតាមបណ្ដោយដងទន្លេបាសាក់ផ្នែកខាងកើត​ទន្លេ តាមបណ្ដោយផ្លូវជាតិ​លេខ១១០ មានចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ ពីសាលាស្រុកស្អាង មានព្រំប្រទល់ ខាងកើតទល់នឹង ឃុំ តាលន់ និងឃុំប្រាសាទ ស្រុកស្អាង , ខាងលិចទល់នឹងទន្លេបាសាក់ , ខាងជើងទល់នឹង ឃុំតាលន់ ស្រុកស្អាង , ខាងត្បូងទល់នឹងភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ។ ឃុំខ្ពបមានផ្ទៃដីសរុប ៣.៣២១​ ហិចតា ចែកចេញជា១០ភូមិ មានភូមិឫស្សីស្រុក , ភូមិខ្ពបលើ , ភូមិខ្ពបក្រោម , ភូមិរការលើ , ភូមិរកាក្រោម , ភូមិកោះថ្មី , ភូមិបឹងខ្ពប , ភូមិដំរីឆ្លង , ភូមិព្រៃទទឹង និងភូមិត្នោតញី ។ ក្នុងនោះមានគ្រួសារសរុប ២.៨២៥គ្រួសារ មាន​ប្រជាពលរដ្ឋសរុប ១២.៦៧០ នាក់ ស្រី៦.៥៤០ នាក់ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងមានចំនួន ៨.២២៨ នាក់ ស្រី ៤.៣៤៤ នាក់ ។ *ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានឧបត្ថម្ភ​ ប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ចំនួន​ ៥០០​នាក់​ ក្នុងម្នាក់ៗ​ទទួលបានថវិកា​ ចំនួន​ ១​ មុឺនរៀល។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ