ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលរងក្រុង ស្រុក មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីចំណុះសាលាក្រុងខេមរភូមិន្ទ
May 10, 2018 អ្នកទស្សនា :

ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលរងក្រុង ស្រុក មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីចំណុះសាលាក្រុងខេមរភូមិន្ទ។ ឯកឧត្តមប្រធានក្រុមប្រឹក្សា សូមអបអរសាទរ និងគាំទ្រ ដល់ការប្រកាសចូលកាន់តំណែងនាពេលនេះ សូមអោយអស់លោក លោកស្រី ខិតខំបម្រើប្រជាពលរដ្ឋអោយបានកាន់តែប្រសើរឡើងថែមទៀត ស្របតាមចំណេះជំនាញ និងបទពិសោធន៍ ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដើម្បីជម្រុញអោយមានការអភិវឌ្ឍន៍ នៅតាមរដ្ឋបាលក្រុង ស្រុក និងខេត្តទាំងមូល។ លោកជំទាវ បានលើកឡើងថា សូមចូលរួមអបអរ ចំពោះលោក លោកស្រី ដែលបានប្រកាស ចូលកាន់មុខតំណែង ជានាយករងរដ្ឋបាល សាលាខេត្ត ជាអភិបាលរងក្រុង ស្រុក និងលោក លោកស្រី ជាប្រធាន អនុប្រធាន ព្រមទាំងលោក នាយករងទីចាត់ការ និងលោក លោកស្រី ជា ប្រធាន អនុប្រធានការិយាល័យ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងលោកប្រធានការិយាល័យ ភូមិបាលក្រុងភូមិន្ទ។ ការតែងតាំង និងផ្ទេរមុខតំណែងទាំងអស់ បានអនុវត្តស្របតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមរចនាសម្ព័ន្ធ គ្រប់គ្រង របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គភាពចំណុះ។ ជាក់ស្តែងលោក លោកស្រី ជាអភិបាលរងក្រុង ស្រុក មួយចំនួន ត្រូវបានផ្ទេរ ពីក្រុង ស្រុកមួយ ទៅកាន់ក្រុង ស្រុកផ្សេង ជាគឺអស់លោក លោកស្រី បានបំពេញការងារនៅ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ស្របតាមអាណត្តិ ដែលច្បាប់បានកំណត់។ ទន្ទឹមនេះក៏មានលោក លោកស្រី ជាអភិបាលរង ក្រុង ស្រុក មួយចំនួន បានផ្ទេរមកក្រសួងមហាផ្ទៃ បំពេញការងារក្នុងក្រុង ស្រុក ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ និងចំណេះដឹងផងដែរ ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ នៅក្នុងរដ្ឋបាលក្រុង ស្រុក អោយកាន់តែល្អថែមទៀត។ នាងខ្ញុំយល់ថា អស់លោក លោកស្រី ដែលបានប្រកាសចូលកាន់តំណែងនាពេលនេះ ពិតជាធនធាន មនុស្ស ដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំ និង គ្រប់គ្រង មានគំនិតផ្តួចផ្តើម ក្នុងការអនុវត្តការងារ ព្រមទាំងសីលធម៌ គុណធម៌ មនសិការ វិជ្ជាជីវៈ ព្រមទាំងមានសាមគ្គីភាពល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ។ ដើម្បីឆ្លើយតប និងការផ្តល់ ការទុកចិត្ត ក្នុងការចូលកាន់មុខតំណែង របស់អស់លោក លោកស្រីទាំងអស់ នាងខ្ញុំសូមផ្តល់ ជូននូវការផ្តាំផ្ញើមួយចំនួន ៖ ១-ត្រូវខិតខំ ពង្រឹងសមត្ថភាព ដកស្រង់បទពិសោធន៍ ដើម្បីបំពេញការងារអោយបាន ជោគជ័យ តាមច្បាប់កំណត់។ ២-ក្នុងការគ្រប់គ្រង និងដឹកនាំ ត្រូវតែបំផុស នូវគំនិតផ្ទួចផ្តើមថ្មីៗ និងល្អៗ ដល់អង្គភាព អោយស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ៣-ត្រូវមានសីលធម៌ល្អ គុណធម៌ មនសិការវិជ្ជាជីវៈ ក្នុងការអនុវត្តការងារ គោរព ពេល វេលា និងមានការទទួលខុសត្រូវខ្ពស់ ប្រកបដោយតម្លាភាព គណនេយ្យ និងប្រសិទ្ធភាព។ ៤-ត្រូវមានសាមគ្គីភាពល្អ ទាំងក្នុង និងក្រៅអង្គភាព ព្រមទាំងចែករំលែកព័ត៌មាន ដែល ជាគុណប្រយោជន៍ ដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ ក្នុងន័យបម្រើប្រជាពលរដ្ឋអោយ បានកាន់តែល្អប្រសើរ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ