ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចូលរួមអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ២៨.៥៨៤នាក់
May 10, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានចូលរួមអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ២៨.៥៨៤នាក់ មកពីតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរ គឺតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតំបន់សេដ្ឋកិច្ចពិសេសអ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ និងរោងចក្រ សហគ្រាស ចំនួន២៦ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំទាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការ អគ្គមេបញ្ជារងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម លោកជំទាវសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទី-អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងប្រធានក្រុមហ៊ុន រោងចក្រ សហគ្រាសនានាដែលមានកម្មករ កម្មការិនីចូលរួមក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញកាត់ខ្សែបូសម្ពោដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មី ឈ្មោះ អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ ( Intervia Automobile Industry Complex) និងរោងចក្រដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) (Daehan Auto Cambodia) ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលរោងចក្រដំឡើងរថយន្តនេះ នឹងមានលទ្ធភាពដំឡើងរថយន្តបាន ២ម៉ឺនគ្រឿង ក្នុង១ឆ្នាំ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ប្រមាណ ១ម៉ឺនកន្លែង បន្ថែមទៀត ។ មានប្រសាសន៍ក្នុងពិធីនេះ សម្តេចតេជោ បានបង្ហាញនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើន នៅក្រុងបាវិតនាពេលបច្ចុប្បន្ននេះ ដែលខុសពីអតីតកាល ក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេសត្រឹមតែ ១កន្លែង ក៏ប៉ុន្តែពេលនេះតំបន់សេដ្ឋកិច្ចពិសេស មានរហូតទៅដល់ ៨កន្លែង និងមានកម្មករកម្មការិនីធ្វើការប្រមាណជាង ៤ម៉ឺននាក់ ។ សម្តចតេជោ ក៏បានបញ្ជាក់បន្ថែមថា ក្រុងបាវិតនេះ ពីអតីតកាលគឺជាតំបន់សមរភូមិក្តៅដែលពោរពេញទៅដោយបញ្ហាសង្គ្រាមរ៉ាំរ៉ៃ ហើយកាលពី ៤៣ឆ្នាំមុន ប្រជាពលរដ្ឋកម្ពុជាត្រូវរត់ព្រាត់ប្រាស់គ្នាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ក៏ប៉ុន្តែក្នុងរយះពេល៤៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាបានជួបជុំគ្នា និងរស់នៅដោយសុខសន្តិភាព ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានអំពាវនាវឲ្យកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សា ”សន្តិភាព” ឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនតទៅមុខទៀត សុំកុំឲ្យបណ្តារោងចក្រទាំងអស់មាននូវបងតូចបងធំ(ជើងកាង) ដែលមកបំបះបំបោរកម្មករយើង និងសូមឲ្យកម្មករ កម្មការិនី ត្រូវរួមគ្នា រក្សាការងាររបស់ខ្លួន ត្រូវគោរពគ្នាទៅវិញទៅមករវាងម្ចាស់រោងចក្រ និងកម្មករ ។ នៅចុងបញ្ចប់ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការិនីមានផ្ទៃពោះចំនួន ៨២១នាក់ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញនូវការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការិនីប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ