ថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារតាមគោលដៅ ខ្សែបន្ទាត់ព្រំ ដែនកម្ពុជា-ថៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រៅប្រទេស
April 17, 2021 អ្នកទស្សនា :

ប៉ៃលិន៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃចូលមកខេត្តប៉ៃលិន តាមច្រកធម្មជាតិនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ មកពីក្រៅប្រទេសចូលក្នុងសហគមន៍។

ឯកឧត្តម អុី ឈាន ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ទោះបីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏មិនបានសម្រាកជួបជុំក្រុមគ្រួសារ ហើយបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការការពារបូរណៈភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរ ជាពិសេស សូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញកងទ័ពអាវសទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រជាជន និងប្រទេសជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍លើកឡើងថា៖ ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ពីក្រៅប្រទេស ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយកន្លងមកខេត្តប៉ៃលិន ក៏បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ មានវិជ្ជមានជម្ងឺកូវីត-១៩ ផងដែរ។

ឯកឧត្តម អុី ឈាន បានមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានពលករឆ្លងដែនមក មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ដើម្បីទុបស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ មកពីក្រៅប្រទេស។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន ក៏បានឧបត្ថម្ភស្បៀងអាហារ មានដូចជា៖ អងរ្ក ៥០គីឡូ ទឹកត្រី ១យួ មី ៥កេស ទឹកបរិសុទ្ធ ៥កេស ពងទា ៦០គ្រាប់ ម៉ាស់ ៤ប្រអប់ និងថវិកាមួយចំនួនផងដែរ ដល់កងកម្លាំងចម្រុះទាំង ២៥គោលដៅ នៅតាមខ្សែរបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ