ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យ និងនាំយកស្បៀងអាហារទៅឧបត្ថម្ភ ដល់កងកម្លាំងចម្រុះ ដែលកំពុងឈរជើងតាមគោលដៅព្រំប្រទល់ខេត្ត
April 16, 2021 អ្នកទស្សនា :

ប៉ៃលិន៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យ និងនាំយកស្បៀងអាហារ ដល់កងកម្លាំងចម្រុះ ដែលកំពុងឈរជើងតាមគោលដៅ ព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម អុី ឈាន បានមានប្រសាសន៍លើកឡើងថា៖ បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីសម្រេចនេះ ចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រ នៃខេត្តមួយទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល មានការឆ្លងរីករាលដាលកាន់តែច្រើនឡើងថែមទៀត ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចេញនូវសេចក្តីសម្រេច ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត (Lockdown) និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ និងហាមការលក់ដូរគ្រឿងស្រវឹង ក្នុងការគ្រប់គ្រងសភាពការណ៍នៃការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យបានឆាប់។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អុី ឈាន ក៏បានមានប្រសាសន៍ណែនាំបន្ថែមដល់កម្លាំងដែលកំពុងឈរជើងតាមគោលដៅនីមួយ ត្រូវអនុវត្តនូវភារកិច្ចនេះឲ្យបានហ្មត់ចត់បំផុត ដោយមិនមានការយោគយល់ និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងដំណាក់កាលនេះប្រសិនបើមិនមានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះ និងសូមផ្អាកការធ្វើដំណើរកំសាន្តនៅគ្រប់ទីកន្លែង ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ។

គួរបញ្ជាក់ថា៖ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ ក៏បានឧបត្ថម្ភ ស្បៀងអាហារ មួយចំនួន ព្រមទាំងថវិកា ១លានរៀល ក្នុង ១គោលដៅ ដោយក្នុងនោះមានចំនួន ៦គោលដៅ៖ ទី១-គោលដៅចំណុចភ្នំកុយជាប់ព្រំប្រទល់ស្រុកកំរៀង ទី២-គោលដៅចំណុចព្រំប្រទល់ប៉ៃលិន បាត់ដំបង ជាប់ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទី៣-គោលដៅចំណុចស្ពានភ្នំដំបង ជាប់ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង ទី៤-គោលដៅចំណុចដីស ជាប់ព្រំប្រទល់ស្រុកបវិល ខេត្តបាត់ដំបង ទី៥-គោលដៅចំណុចអូរចិត្តប្រាំ ជាប់ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងទី៦-គោលដៅចំណុចផ្លូវបំបែក១៨ ជាប់ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ