ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទការធ្វើដំណើរឆ្លងខេត្តតាមក្រុងស្រុក ដែលជាប់ព្រំប្រទល់
April 09, 2021 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាថ្ងៃទី ០៩ ខែមេសាឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង​សហការី អញ្ជើញចុះត្រួតពិនិត្យគោលដៅចរាចរណ៍បិទការ ធ្វើដំណើរឆ្លងខេត្ត តាមក្រុងស្រុកដែលមានព្រំ​ប្រទល់​ជាប់នឹង​​ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ តាមសេចក្ដីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទ​រមណីយ​ដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ធំបានធ្វើការប្រជុំដាក់ផែនការណែនាំភ្លាមៗ ដោយអនុវត្តជាធរមានចំពោះ​សេចក្តីសម្រេចនេះ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅ​ភូមិ​សាស្ត្រ​នៃខេត្តមួយទៀត និងធ្វើការប្រជុំដាក់ផែនការជាបន្តបន្ទាប់ ដើម្បីអនុវត្តសេចក្តីសម្រេច​នេះប្រកប​ដោយ​ប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។ ហើយចំពោះការបិទចរាចរណ៍នេះគឺត្រូវបានអនុគ្រោះលើការធ្វើ​ចរាចរណ៍​ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការសាធារណៈ​ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬរថយន្ត​អ្នកជំងឺ​ដែលមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា សព្វថ្ងៃនេះព្រឹត្តិការណ៍ ២០ កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ ចូលទៅ​ក្នុងសហគមន៍ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ ហើយថ្មីៗនេះ នៅក្នុងក្រុងភ្នំពេញ គឺមានការ​ឆ្លងរីករាល​ដាលកាន់តែច្រើនឡើងថែមទៀត។

ហើយថ្ងៃនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើការណែនាំបន្ថែមដល់​កម្លាំង​ដែល​កំពុង​ឈរ​ជើង​តាមគោលដៅ សូមអនុវត្តនូវកិច្ចការនេះឲ្យបានហ្មត់ចត់ ដូច្នេះសូមបងប្អូនមានការយោគយល់ និងអធ្យាស្រ័យ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងដំណាក់កាល​នេះប្រសិនបើមិនមានការចង់បាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះ និងសូមផ្អាកការធ្វើដំណើរកំសាន្តនៅគ្រប់​ទីកន្លែងទាំងអស់។ ម្យ៉ាងវិញទៀតនៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមពុកម៉ែបងប្អូន​លោកយាយលោកតា ដែលមានបំណងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម សូមប្រកាន់ខ្ជាប់​នូវ​វិធានការ​របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បីការពារ បីកុំ និងពីរចូលរួម ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសរក្សានូវគម្លាតសុវត្ថិភាពបុគ្គល ត្រូវពាក់ម៉ាស នឹងយកទឹកអាកល់ ឬជែល យកតាមខ្លួនជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ