ថ្នាក់ដឹកនាំខេត្តក្រចេះ ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយនៅព្រំប្រទល់ខេត្តទាំង២(ក្រចេះ-មេមត់ និងក្រចេះ-កែវសីម៉ា) ក្នុងភូមិសាស្ត្រស្រុកស្នួល
April 09, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្តទាំង២(ក្រចេះ-មេមត់ និងក្រចេះ-កែវសីម៉ា) ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៤សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម គង់ គឹមនី មានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ចដែលបានឈរជើងនៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។

ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាលបានគិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូនក្នុងគ្រួសារ និងសង្គមជាតិ ហើយចំពោះអ្នកចំណូលស្រុកត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌលចត្តាឡីស័ក អោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ (៣ការពារ ៣កុំ) របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។

នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង២ខាងលើ ឯកឧត្តមអភិបាលរងខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន ÷ អង្ករ អាល់កុល ម៉ាស់ ថវិកាចំនួន២លានរៀលក្នុង១គោលដៅ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ