អាជ្ញាធរខេត្តកណ្ដាលគ្រោងនឹងយកអគារមន្ទីរពេទ្យចំនួន២ បន្ថែមទៀត ក្នុងមន្ទីពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រាប់ព្យាបាលអ្នកដែលបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល
April 05, 2021 អ្នកទស្សនា :

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយមានការកើនឡើង អ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល និងមានតម្រូវការចាំបាច់ នូវអគារសម្រាប់ព្យាបាលអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩។ រដ្ឋបាលខេត្តកណ្ដាល នឹងត្រៀមយកអគារចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រាប់ព្យាបាលអ្នកដែលបានរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញ ក្នុងពិធីប្រគល់ទទួលអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត នៃមន្ទីរពេទ្យជ័យជំនះ ដែលជាអំណោយរបស់ លោកជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្ថែមថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ទូទាំងខេត្តកណ្ដាល មានអ្នកវិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ៣៥៤នាក់ និងបានព្យាបាលបានជាសះស្បើយ សរុបចំនួន ២៩១នាក់ ហើយខេត្តកណ្ដាលមិនមានអ្នកស្លាប់ដោយមេរោគកូវីដ-១៩ឡើយ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល សរុបចំនួន ១៦,៧៣៣នាក់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន១៥,៦០៧នាក់។

ដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកជំងឺកូវីដ-១៩ កំពុងបន្តកើនឡើង ហើយអគារមន្ទីរពេទ្យជ័យជំនះបច្ចុប្បន្ន ពុំមានកន្លែងគ្រប់គ្រាន់សម្រាប់បន្តដាក់អ្នកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកណ្ដាលគ្រោងយកអគារ ចំនួន២ គឺអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត កំពុងដំណើរការសាងសង់ជិតបញ្ចប់នេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលមានចិត្តសប្បុរសធម៌ បានសាងសង់នូវអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត ជូនដល់រដ្ឋបាលខេត្តកណ្ដាលនាពេលនេះ។

លោកជំទាវឧកញ៉ាគតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានឱ្យដឹងថា អគារវះកាត់ សុភាវី មានទំហំធំ ១៣គុណនិង ៤០ម៉ែត្រ កម្ពស់៥ជាន់ ដំបូលប្រក់ក្បឿង សង់អំពីបេតុងដែក បានសាងសង់សម្រេចបាន ៨៥% ស្មើនឹង៩៥១.៤០៥$។ អគារសម្ភព សុភាវ័ន្ត មានទំហំធំ ១៣គុណនិង ៣៥ម៉ែត្រ កម្ពស់៤ជាន់ ដំបូលប្រក់ក្បឿង សង់អំពីបេតុងដែក បានសាងសង់សម្រេចបាន ៧០%៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ