ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងវិស្វកម្មសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន
April 05, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃចន្ទទី៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត រួមទាំងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះ សំណេះសំណាលសួរសុខទុក្ខ និងផ្តល់ស្បៀងអាហាររួមថវិកា ជូនដល់កងវិស្វកម្មសាងសង់ផ្លូវតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ព្រំដែននេះ ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ថ្វីត្បិតតែខេត្ត រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។

ឯកឧត្តម អភិបាលខេត្ត​ បាននាំយកអំណោយជាគ្រឿងឧបភោគ​បរិភោគ​ និងថវិកាមួយចំនួន​​ ដេីម្បីចែកជូនដល់កងកម្លាំងកងវិស្វកម្ម​សាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែន​ រួមមានះ អង្ករ​ ៤០០គីឡូក្រាម,​ មី​ ១៣កេសតូច, ត្រីខ​ ១កេសធំ,​ទឹកសុទ្ធ​ ១០កេស,​ស្ពៃ៣០គីឡូក្រាម,ត្រលាច ល្ពៅ ០២បេ,សាច់គោ១០គីឡូក្រាម,សាច់ជ្រូក១០គីឡូក្រាម,ម៉ាស់១០០០ម៉ាស់,អាល់កុល០១កេសធំ និងកងកម្លាំង១៦៧នាក់ ក្នុងម្នាក់ទទួលបានថវិកា៤មុឺនរៀល ព្រមទាំងឧបត្ថម្ភថវិកា៣លានរៀល​​ជូនអង្គភាពនីមួយៗ សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ​ សរុបថវិកាទាំងអស់ចំនួន១៦លាន១៨មុឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ