អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យមេីលការបំពាក់សម្ភារបរិក្ខាពេទ្យដេីម្បីត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
April 05, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃអាទិត្យទី០៤​ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះពិនិត្យមេីលការបំពាក់សម្ភារបរិក្ខាពេទ្យដេីម្បីត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ​ ដែលមានចំនួន ២​អគារ ស្មើនឹង ២៨៨ បន្ទប់ គឺអាគារCសម្រាប់ក្រុមគ្រូពេទ្យ និងអាគារE សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

អញ្ជើញចូលរួមអមដំណើរឯកឧត្ដមអភិបាលខេត្តក្នុងឱកាសនោះមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងបាវិត រួមទាំងមន្ត្រីសុខាភិបាល និងអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តកបានថ្លែងអំណរគុណ ចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលរួមសហការគ្នាក្នុងការបោសសម្អាត​ និងបំពាក់សម្ភារបរិក្ខាពេទ្យបានរួចរាល់នៅថ្ងៃនេះ​ ដេីម្បីត្រៀមទុកសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩​ ជាពិសេសក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរចំពោះបុគ្គលិកសុខាភិបាល​ និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀង​ ដែលជាកងទ័ពអាវស មិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មលះបង់ពេលវេលាទាំងពេលយប់ និងពេលថ្ងៃដោយមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុត។

ជាមួយគ្នានោះឯកឧត្តម​អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់កងកម្លាំងស្នងការដ្ឋាននគរបាល​ខេត្ត​ និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដេីម្បីជាការលេីកទឹកចិត្តក្នុងការចូលរួមធ្វេីពលកម្មសម្អាតអាគារខាងលេីនេះផងដែរ។

រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល "៣ការពារ ៣កុំ" ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋម្នាក់ៗ និងគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ