ព្រះវត្តមានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល និងយាងទតពិព័រណ៌ផលិតផលកសិកម្ម និងសិប្បកម្មក្នុ
May 04, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ខេត្តស្វាយរៀងពិតជាមានមហាកិត្តិយសក្រៃលែង ដោយបានទទួលនូវព្រះវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង័្គល និងយាងទតពិព័រណ៌ផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុក និងលទ្ធផលសកម្មភាពការងាររបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ-អង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកទាំង៨ក្នុងខេត្តស្វាយរៀង ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានប្រោសព្រះរាជទានឲ្យ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជាស្តេចមាឃ និងលោកជំទាវ ឈុន ណារី ជាមេហួ ព្រមទាំងអមដោយឯកឧត្តម ហួត ប៊ុណ្ណារី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម កាន់នង្គ័លយោងខាងមុខ និងឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង កាន់នង្គ័លអមខាងក្រោយ នៅទីព្រះស្រែ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ក្នុងព្រះរាជពិធីប្រកបដោយភាពអធិកអធមនេះផងដែរ ក៏មានព្រះវត្តមាន និងវត្តមានអញ្ជើញចូលរួមពីព្រះញាតិវង្សានុវង្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនានា ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឯកឧត្ដម លោកជំទាវជាសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត គណៈប្រិតភូខេត្តតៃនិញ-ខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ សិស្ស និស្សិត គរុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ប្រមាណជាង ២០.០០០អង្គ/នាក់ ។ ក្នុងកាលវេលានោះ បន្ទាប់ពីឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដែលត្រូវបានប្រោសព្រះរាជទានធ្វើជាស្តេចមាឃ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ កាន់ព្រះនង្គ័លភ្ជួរលើទីវាលព្រះស្រែ និងព្រោះគ្រាប់ស្រូវដោយលោកជំទាវ ឈុន ណារី ដែលត្រូវបានប្រោសព្រះរាជទាន ជាមេហួ ធ្វើដំណើរជាទក្ខិណាព័ទ្ធ ៣ជុំ ទីវាលព្រះស្រែ ដោយក្បួនព្រះនង្គ័លចាប់ចេញដំណើរពីរោងមណ្ឌលទិសនិរតី នឹងត្រូវទៅឈប់ដោះគោចេញពីនឹម បញ្ចប់ការច្រត់ព្រះនង្គ័លនៅរោងមណ្ឌលទិសបូព៌ រួចមក ព្រាហ្មណ៍ព្រះរាជគ្រូ ដោះយកគោឧសភរាជទៅបរិភោគគ្រាប់ធញ្ញជាតិចំនួន ៧មុខ រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេច នៅចំកណ្ដាលទីវាលព្រះស្រែ ។ ក្នុងចំណោមធញ្ញជាតិទាំង ៧មុខនោះ គោឧសភរាជបរិភោគស្រូវ ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៨០ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទេ ។ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីជាស្ថាពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយសម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីអ្នកមុខ អ្នកការ ស្ដេចទ្រង់យាងទតពិព័រណ៍របស់ក្រសួង ស្ថាប័ន អង្គភាព ទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ ដែលបានដាក់តាំងបង្ហាញនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល រហូតអស់ស្តង់ពិព័រណ៍ មុននឹងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចយាងព្រះរាជនិវន្តន៍ទៅកាន់ព្រះបរមរាជវាំង នៅរាជធានីភ្នំពេញវិញ នាវេលាម៉ោងប្រមាណជា ១១:៣០នាទីព្រឹក ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ