ឯកឧត្តមអភិបាលខេត្ត​ និង​លោក​ជំទាវ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង បានអញ្ជើញ​ចូល​រួម​ក្នុង​ពិធីបុណ្យវិសាខបូជានៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង
April 30, 2018 អ្នកទស្សនា :

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ឆ្នាំងបាន​ប្រារព្ធពិធីបុណ្យ​វិសាខបូជានៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំងដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត លោកជំទាវដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង​និងលោកជំទាវឈឹម ស្រីមុំ​ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទចូលរួមប្រមាណ​ជាង​៣០០នាក់ផងដែរ។ ក្នុងពិធីនោះបានបួងសួង ដង្ហែរក្បូនជុំវិញព្រះវិហារចំនួន៣ជុំនិងពិធីជាច្រើនទៀត ពិសេសនាពេលយប់ មានការបាញ់កាំជ្រួច បង្កោះគោមគោម ដើម្បីសុំសេចក្តីសុខ​សេចក្តីចម្រើនជាពិសេស​សូមឱ្យសង្គមជាតិ​មានសុខសន្តិភាព ជាដ៍រាបរៀងទៅ ។ ព្រះសិរីធម្មញ្ញាណ សុខ ថាន ព្រះរាជាគណ:ថ្នាក់​កិត្តិយស និង​ជា​ព្រះមេគណខេត្តកំពង់ឆ្នាំងបានមាន​ថេរដីការ​​ឱ្យដឹងថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកនូង​ព្រឹត្តិការ​ណ៍​សំខាន់ៗបីយ៉ាង​៖ ទី១.រំឭក​ដល់ព្រះសម្មាសម្ពុទ្ធសមណគោតមព្រះបរមគ្រូ ព្រះអង្គទ្រង់ប្រសូត្រ ទី២.រំឭក​ដល់ព្រះពុទ្ធអង្គ បា​នត្រាស់ដឹងនូវ​ចតុរារិ​យសច្ច: និង ទី៣. រំឭកដល់​ការ​ចូលបរិនិព្វានរបស់​ព្រះសមណគោត្ត​ម​ ។​ ព្រះតេជព្រះគុណ បាន​មាន​ថេរដីកា​បន្ត​ថាព្រឹត្តិការណ៍ទាំង​បីនេះ​ គឺប្រព្រឹត្ត​ទៅ​នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ត្រាស់​ដឹង និង​បរិនិព្វាន​គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។ ឯកឧត្តមឈួរ ច័ន្ទឌឿន​បានមានប្រសាសន៍ថា៖ ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើង​មានសន្តិភាពបើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។ ឯកឧត្តមបានបន្តទៀតថាៈការអភិវឌ្ឍន៍គ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទើបមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យវិសាខបូជាដ៍អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យប៉ុលពត ប្រល័យពូជសាសន៍ឯងនៅនិងបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ នាសម័យនោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូប ចង់ចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំឡើយជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្រោមសម័យសន្តិភាព និងអភិវឌ្ឍន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើននិងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជា៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ