ថ្នាក់ដឹកនាំខេត្តកោះកុង ដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការចាក់ដីចូលចំណីសមុទ្រ ការកាប់ព្រៃកោងកាង និងការសង់ស្ពាន ខ្ទម នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ
February 26, 2021 អ្នកទស្សនា :

ថ្ងៃសុក្រទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមានសមត្ថកិច្ចពាក់ព័ន្ធនឹងការចាក់ដីចូលចំណីសមុទ្រ ការកាប់ព្រៃកោងកាង និងការសង់ស្ពាន ខ្ទម នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ចំនួនបីករណីដូចខាងក្រោម៖

ករណីទី១. ការចាក់អាចម៌ដីរំលោភចូលចំណីសមុទ្រ នៅចំណុចពយតាឃួន ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង អ្នកចាក់អាចម៌ដីរំលោភចូលចំណីសមុទ្រ នៅនៅចំណុចពយតាឃួន ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ មានឈ្មោះ ហួត ឃៀន និងឈ្មោះ ហួត ង៉ែត ឈ្មោះ ឈឹម ចាន់ឌី (ប្តីប្រពន្ធ)។ ក្នុងកិច្ចប្រជុំនេះ សាមីខ្លួនទាំងបីនាក់ក៏បានចូលរួមកិច្ចប្រជុំផងដែរ ព្រមទាំងបានទទួលស្គាល់កំហុស របស់ខ្លួនដែលបានចាក់អាចម៌ដីរំលោភចូលចំណីសមុទ្រ និងបានស្ម័គ្រចិត្តកាយអាចម៌ដីដែលខ្លួនបានចាក់នោះចេញពីចំណីសមុទ្រវិញ។ ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជំនាញនឹងចុះវាស់វែងដីដែលចាក់រំលោភចូលចំណីសមុទ្រ ដើម្បីឱ្យសាមីខ្លួនកាយអាចម៌ដីនោះឡើងវិញ ដោយប្រើរយៈពេលយ៉ាងយូរ១ខែ (៣០ថ្ងៃ) ត្រូវកាយអាចម៌ដីនោះឡើងវិញឱ្យអស់។

ករណីទី២ និងទី៣. ការកាប់ទន្ទ្រានព្រៃកោងកាង និងសាងសង់ស្ពាន ខ្យុះមាត់ទឹក នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ តាមការអះអាងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន និងអាជ្ញាធរឃុំ ស្រុក បានបញ្ជាក់ថា រូបភាពកាប់ទន្ទ្រានព្រៃកោងកាង នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលសារព័ត៌មានមួយចំនួនយកមកផ្សព្វផ្សាយក្នុងពេលថ្មីៗនេះ គឺជារួមភាពនៃសកម្មភាពជាងមួយឆ្នាំមុនមកម្ល៉េះ (ឆ្នាំ២០១៩)។ ការកាន់ទន្ទ្រានព្រៃកោងកាងនៅចំណុចនេះនាពេលកន្លងទៅ ត្រូវបានក្រុមការងារមន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការបង្ក្រាបទប់ស្កាត់ និងបានធ្វើរបាយការណ៍គោរពជូនទៅក្រសួងបរិស្ថានរួចរាល់ហើយ។ សកម្មភាពដែលចុះបង្ក្រាបនៅពេលនោះ គឺបានធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលកាប់ទន្ទ្រានព្រៃកោងកាងឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយក្រុមការងារក៏បានដកដំណាំដែលប្រជាពលរដ្ឋបានដំាដុះក្នុងតំបន់ការពារធម្មជាតិផងដែរ។ រីឯការសាងសង់ស្ពាន និងខ្ទម ទើបនឹងមានការសាងសង់ថ្មីៗនេះពិតមែន ប៉ុន្តែការសាងសង់នេះ គឺរដ្ឋបាលឃុំបានសាងសង់ដើម្បីបម្រើផលប្រយោជន៍រួមប៉ុណ្ណោះ មិនមែនជារបស់ឯកជនឡើយ។ ការសង់ស្ពាននេះ គឺសម្រាប់ប្រជាពលរដ្ឋធ្វើជាចំណតឡើងអូរប័របស់ពួកគាត់ និងផ្ទះ (ខ្ទម ខ្យុះ ដែលសារព័ត៌មានចុះផ្សាយ) គឺសម្រាប់ជាស្នាក់ការប៉ុស្តិ៍ និងជាចំណតរថយន្ត។

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងទប់ស្កាត់ឱ្យបាននូវសកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង ដោយសមាសភាពចូលរួមដូចជា៖ លោកប្រធានមន្ទីរបរិស្ថាន តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលស្រុកគិរីសាគរ លោកមេឃុំព្រែកខ្សាច់ សាមីខ្លួនទាំងបីនាក់ដែលបានចាក់អាចម៌ដីរំលោភចូលចំណីសមុទ្រ និងអ្នកពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ