អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យគម្រោងវារីវប្បកម្ម ស្ថិតនៅឃុំមៀន ស្រុកព្រៃឈរ
February 26, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងវារីវប្បកម្ម របស់ ក្រុមហ៊ុនផារ័ត្នរតនៈ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដែលទទួលបានសិទ្ធិ វិនិយោគក្នុងគម្រោងវារីវប្បកម្មទំនប់ចកបឹងធំនៅលើផ្ទៃដីទំហំ ៧ហិចតា ស្ថិតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ថា៖ ដោយមើលឃើញពីសក្តានុពល នៅក្នុងតំបន់ រដ្ឋបាលខេត្តបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុនដើម្បីធ្វើការវិនិយោគលើផ្នែកវារីវប្បកម្ម។ ដែលតាមរយៈការអនុវត្តគម្រោងវារីវប្បកម្មនៅទំនប់ចកបឹងធំនឹងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករក្នុងតំបន់ឲ្យកាន់តែប្រសើរមួយកម្រិតបន្ថែមទៀត ដែលបច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើននៅតំបន់នេះ មានមុខរបរជាចម្បងការនេសាទ។ការធ្វើវារីវប្បកម្មនឹងបង្កើតជាទីផ្សារសម្រាប់ប្រជាកសិករ រួមជាមួយការប្រមូលទិញ ផលិតផលដែលប្រជាពលរដ្ឋសម្រេចបានក្នុងតម្លៃទីផ្សារ ជាកត្តាចម្បង រួមចំណែកកាត់បន្ថយបទល្មើសនេសាទ ដោយផ្លាស់ប្ដូរពីការនេសាទខុសច្បាប់នារដូវត្រីពង និងការបំពុលបរិស្ថាននៅតំបន់បឹងធំ មកធ្វើវារីវប្បកម្មបែបទំនើប។ មួយផ្នែកទៀត គម្រោងនឹងប្រែក្លាយជាតំបន់នេះ ជាទីកន្លែងទេសចរណ៍មានសក្តានុពលថ្មីមួយទៀតរបស់ខេត្ត។

លោកឧកញ៉ា ពាង ផារ័ត្ន ម្ចាស់វិនិយោគ បានគូសបញ្ជាក់ថាក្រុមហ៊ុនមានយុទ្ធសាស្ត្រចំនួន៥ ក្នុងការអនុវត្តគម្រោងនេះ ៖

-ឆ្នាំទី១៖ ទិញកូនត្រីពូជសម្រាប់ចិញ្ចឹមត្រីលក់សាច់ក្នុងដំណាក់កាលទី១ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

-ឆ្នាំទី២៖ បន្តការទិញចូលនិងផលិតកូនត្រីពូជតែខ្លួនឯងបន្ថែម ដើម្បីពង្រឹងពង្រីកការចិញ្ចឹមត្រីលក់សាច់ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

-ឆ្នាំទី៣៖ កើតមន្ទីរពិសោធន៍និងព្យាបាលជំងឺត្រី ដើម្បីជួយគាំទ្រការធ្វើវារីវប្បកម្មរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្ទាល់កាត់បន្ថយការចំណាយពេលវេលាក្នុងការព្យាបាលត្រីជំងឺរបស់ត្រី។

-ឆ្នាំទី៣៖ ចែកចាយកូនត្រីពូជដល់ប្រជាពលរដ្ឋ និងសន្យាប្រមូលទិញត្រឡប់មកវិញនូវត្រីលក់សាច់ព្រមទាំងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងប្រឹក្សាយោបល់ដល់ប្រជាកសិករដែលមានផលប៉ះពាល់

-ឆ្នាំទី៤ និងទី៥៖ បង្កើនសមត្ថភាព និងគុណភាពផលិត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅស្រុក។

សូមបញ្ជាក់ថា គម្រោងវារីវប្បកម្មទំនប់ចកបឹងធំស្ថិតក្នុងសហគមន៍នេសាទសាមគ្គីឃុំមៀន និងជាតំបន់ដីសើម មានផ្ទៃក្រឡាតំបន់អភិវឌ្ឍន៍មានទំហំ ៧៣,២៤៦ ម៉ែត្រការ៉េ និងចែកចេញជា៤ ដំណាក់កាល ក្នុងនោះ៖

-ដំណាក់កាលទី១ មានរយៈពេល ៦ខែ នារដូវប្រាំងឆ្នាំ២០២១៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យការផលិតកូនពូជត្រី។

-ដំណាក់កាលទី ២ មានរយៈពេល ១ឆ្នាំ ២០២១-២០២២ ក្នុងតំបន់ទី១នៃគម្រោងវារីវប្បកម្ម ដោយការរៀបចំបែចិញ្ចឹមត្រីលក់សាច់ចំនួន ៦២៤ បែរ។

-ដំណាក់កាលទី៣ តំបន់ទី២នៃគម្រោង ដោយ សាងសង់មជ្ឈមណ្ឌលពិសោធន៍ អគាររដ្ឋបាល រោងចក្រផលិតចំណីត្រី សម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមក្នុងគម្រោងវារីវប្បកម្ម និងលក់ជូនកសិករក្នុងតំបន់ និងអគារពិសោធន៍វារីវប្បកម្ម។

-ដំណាក់កាលទី៤ តំបន់ទី៣ ផ្នែកទេសចរណ៍ ផែនការរយៈពេល០២ឆ្នាំ ២០២៣-២០២៥ សាងសង់អាគារសាលពិព័រណ៌ជីវៈមច្ឆា និងសាងសង់សួនផ្កាបែបតំបន់ត្រូពិច ដើម្បីប្រែក្លាយតំបន់នេះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ