អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរ ខួបទី១១ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នៅមន្ទីរសុខាភិបាលខេត្ត
February 22, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល អបអរសាទរ ខួបទី១១ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីលោកជំទាវអភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក-លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូន ជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលបុត្រ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ សរុបចំនួន ១៥៨នាក់។

បន្ទាប់ពីបានតាមដានស្តាប់ដោយយកចិត្តទុកដាក់ នូវខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលផ្ញើជូន បងប្អូន ជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបាន អានដោយលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ ស្រី្តទាំងអស់នៅពេលមានគ័ភ៌ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយ គ្រូពេទ្យ ឬ ឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យ កុំប្រថុយប្រថាន និងឆ្មប បុរាណនាំឱ្យគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួន និងបុត្រផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកគូសបញ្ចាក់ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ គាំពារសង្គម ដើម្បីបានជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យទទួលបាននូវការឧបត្ថម្ភជីវភាពរស់នៅក្នុងកាលៈទេសៈដែលមានឆ្លងរីករាលដាលរាតត្បាតដោយកូវីដ១៩ ហើយគោលនយោបាយគាំពារសង្គម ជួយដល់ស្រ្តី ជាកម្មការិនី ឱ្យទទួលបាន អត្ថប្រយោជន៍ក្នុងការថែទាំសុខភាព និងតាមរយៈការឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារដែលមានប័ណ្ណសមធម៌។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនស្ត្រីទាំងអស់នៅពេលមានផ្ទៃពោះ ត្រូវមកពិនិត្យសុខភាពផ្ទៃពោះឱ្យ បានបួនដងទៀងទាត់ហើយនៅពេលសម្រាល ត្រូវមកសម្រាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ហើយនៅពេលសម្រាលហើយ ក៏ត្រូវមកពិនិត្យសុខភាពទាំងម្តាយនិងកូន និងថ្នាំការពាជំងឺ១១មុខ ដល់ទារករហូតកូន មានអាយុ២ឆ្នាំ និងបំបៅកូនដោយទឹកដោះហើយនៅពេលទារកមានជំងឺត្រូវនាំទៅកាន់ មន្ទីរពេទ្យ។ ការអនុវត្ត បាននូវគោលការណ៍ទាំងនេះបានទើបយើងអាចកាត់បន្ថយអត្រាការ ស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់ របស់កុមារអាយុក្រោម៥ឆ្នាំ តាមការកំណត់នូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារខ្លួន ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជាពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព និងរស់នៅតាមរបៀបគន្លងថ្មី គឺអនុវត្តន៍នូវវិធានការ ៣ការពារ និងបីកុំ។

ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ បានផ្តល់ជូន ស្រ្តីដែលបានចូលរួម ១០០នាក់, ម្នាក់ ៗ ទទួលបាន ៖ មីជាតិ ១កេស, ឃីត ១កញ្ចប់, ស្ករស ១គ.ក. ទឹកដោះខាប់ ១កំប៉ុង, ម្សៅលាបខ្លួនទារក ១ដប, សាប៊ូដុសខ្លួនទារក ១ដប, ខោទឹកនោមទារក ១យួរ និងថវិកា ២០,០០០ រៀល ក្នុងនេះ ស្ត្រី ១នាក់ ដែលត្រូវឪពុកបង្កើតចាប់រំលោភមានផ្ទៃពោះ ៧ខែ ផ្តល់ជូនបន្ថែមទឹកប្រាក់ចំនួន ២០០,០០០ រៀល។

ក្នុងឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា និងលោកជំទាវ ប៉ាង ដានី ក៏បានបន្ត អញ្ជើញចុះសួរសុខទុក្ខ អ្នកជម្ងឺជាស្ត្រីទើបសម្រាលកូន កំពុងសម្រាកក្នុងមន្ទីរពេទ្យខេត្ត ចំនួន ៧៨នាក់ ដោយបានឧបត្ថម្ភជូន ក្នុងម្នាក់ៗ នូវទឹកប្រាក៎ ៥០,០០០រៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ