អភិបាលខេត្តកណ្តាល ដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងបិទហាងខារ៉ាអូខេ ឡូហ្សិក២​ ស្ថិតក្នុងភូមិព្រែកសំរោង
February 21, 2021 អ្នកទស្សនា :

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យ និងបិទហាងខារ៉ាអូខេ ឡូហ្សិក២​ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានបញ្ជូនបុគ្គលិកបំរើការងារក្នុងហាងនេះចំនួនជាង៧០នាក់ ដើម្បីធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ ក្នុងក្រុងតាខ្មៅ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចុះមកពិនិត្យដល់ហាងនេះ គឺមិនមែនចាប់ដាក់ទោស ឬធ្វើបាបបងប្អូនទេ គឺមកដើម្បីជួយសង្គ្រោះ សុខភាព និងអាយុជីវិតអ្នកទាំងអស់គ្នា និងការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៅអ្នកដទៃផ្សេងៗទៀតក្នុងសហគមន៍។

ឯកឧត្តមបានអំពាវនាវឱ្យ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ទាំងអស់ ត្រូវចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយត្រូវផ្ដល់នូវព័ត៌មាននានាឱ្យបានច្បាស់លាស់ ដូចជាក្នុងអំឡុលពេលនេះបានស្នាក់នៅ និងបានទៅកន្លែងណាខ្លះ បានប្រាស្រ័យទាក់ទងជាមួយអ្នកណា ដើម្បីឱ្យអាជ្ញាធរធ្វើការស្រាវជ្រាវ និងណែនាំអ្នកទាំងនោះឱ្យមកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដោយមិនមានការគេចវេសដែលជាអំពើខុសច្បាប់ ពីព្រោះថ្មីៗនេះរដ្ឋាភិបាលបានចេញច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ចំពោះការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនេះ សូមបងប្អូនទាំងអស់គ្នាកុំមានការព្រួយបារម្ភ ពីព្រោះអាជ្ញាធរ និងផ្ដល់ជាកន្លែងស្នាក់នៅ និងផ្ដល់ម្ហូបអាហារចំនួន ៣ពេល ហើយបន្ទាប់ពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ បានបញ្ចប់ដោយត្រឹមត្រូវ នោះអាជ្ញាធរអានឹងអនុញ្ញាតឱ្យបងប្អូនទាំងអស់អាចចេញទៅប្រកបរបររកស៊ីជាធម្មតា។

សូមបញ្ជាក់ដែរថា ការចុះបិទទីតាំងហាងខារ៉ាអូខេឡូហ្ស៊ិក២នេះ គឺធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជម្ងឺកូវីដ១៩ ហើយបុរសរូបនេះមានប្រពន្ធ​ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោ ឡូហ្ស៊ិក២ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំនេះ ជាបណ្តោះអាសន្ន ដោយរកអ្នកដែលពាក់ព័ន្ធយកពិនិត្យសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក។ ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះស្រុកកំណើតនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្ន​ដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ