ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្នាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ សរុបចំនួន១៣៥នាក់
January 11, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្តព្រះសីហនុ លោកអភិបាល ក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពជំនាញ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់បងប្អូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្នាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ និងបុគ្គលិកក្រុមហ៊ុនពិស្ណុការ សរុបចំនួន១៣៥នាក់ ដែលបានចូលរួមក្នុងការងារសម្អាតឆ្នេរនាពេលកន្លងមក។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានរាយការណ៍ថាការងារកាយសម្អាតគល់ឈើ និងកាត់ដើមឈើងាប់ ព្រមទាំងកាយសម្អាតថ្មនៅបណ្ដោយឆ្នេរអូរត្រេះ១ អូរត្រេះ២ និងឆ្នេរអូរឈើទាល២ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ សរុបការប្រមូលគល់ឈើ ដើមឈើងាប់ និងសម្អាតដុំថ្មនៅតាមឆ្នេរអូរត្រេះ១ អូត្រេះ២ និងឆ្នេរអូរឈើទាល២ បានចំនួន ៤២ជើង (ឡាន) ស្មើនឹង ៥០២តោន ដោយប្រើកម្លាំងសរុបជាង១០០នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងព្រះសីហនុ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច បងប្អូនប្រជាការពារ បុគ្គលិកសម្អាតឆ្នេរ ក្រុមហ៊ុន និងឆ្មាំឆ្នេរ ដែលបានចូលរួមសម្អាតឆ្នេររយៈពេល៥ថ្ងៃ ប្រមូលសំរាមដឹកចេញបាន ៥០២តោន ក្នុងស្មារតីទទួលខុសត្រូវជាអ្នកមើលថែទាំសំអាតឆ្នេរឱ្យមានភាពស្រស់ស្អាត។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថាកាលពីមុននៅតំបន់នេះមានការលំបាកដោយសារមានសំរាម និងផលប៉ះពាល់ជាច្រើន ដោយសារមិនមានលំហសាធារណៈ ហើយយើងបានរួមគ្នាប្រឹងប្រែង ដើម្បីរៀបចំកែលម្អបន្តិចម្ដងៗរហូតក្លាយជាលំហសាធារណៈមានឆ្នេរ មានកន្លែងដើរកម្សាន្ត ទោះបីថ្ងៃនេះយើងបានដឹកសំរាមចេញ មានគល់ឈើ ដើមឈើងាប់ និងដុំថ្មជាង ៥០០តោនក៏ដោយ ក៏សំរាមនៅមិនទាន់អស់នៅឡើយទេ ម្យ៉ាងទៀតភាពស្អាតដែលយើងមើលឃើញថ្ងៃនេះគឺទទួលយកបាន ក៏ប៉ុន្តែនៅពេលខាងមុខយើងនឹងបន្តកែលម្អរឱ្យមានភាពស្រស់ស្អាតបន្ថែមទៀត ដើម្បីធានាថា អ្នកទេសចរទាំងឡាយមកកម្សាន្តនៅទីនេះមិនរំខានដោយសារដុំថ្ម កំទេចឈើ ឬសំរាម ហើយនៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវរួមគ្នាធ្វើបន្ត។ ឯកឧត្តម បានបន្តថាសំរាមកើតចេញមកដោយសារមនុស្ស ឬអ្នកទេសចរខ្លះដែលយកមកប្រើប្រាស់ ហើយមិនបានយកត្រឡប់ទៅវិញ ដោយបន្សល់ទុកនូវសំរាម ។ រដ្ឋបាលខេត្តមានផែនការជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យឆ្នេររបស់យើងកាន់តែមានភាពស្រស់ស្អាត នឹងអាចទាក់ទាញភ្ញៀវទេសចរមកកំសាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា "តារារះនាទិសនារតី" ដោយផ្អែកលើសក្តានុពលឆ្នេរសមុទ្រ ដូច្នេះយើងទាំងអស់គ្នាមានភារកិច្ចនៅទីនេះ ប្ដេជ្ញាចិត្តចូលរួមថែរក្សាឆ្នេរសមុទ្រឱ្យបានស្អាត។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្ដុះកូនស្ងាវ ដើម្បីយកមកដាំនៅតាមបណ្តោយឆ្នេរសមុទ្ររបស់យើង នាពេលខាងមុខ ព្រោះដើមស្ងាវវាសាកសមដុះនៅតាមឆ្នេរសមុទ្រ ដោយផ្តល់នូវសោភ័ណភាព ភាពមនោរម្យ និងផាសុខភាព

ដោយទាក់ទាញបានភ្ញៀវទេសចរជាតិ អន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បាននាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្នាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ និងបុគ្គលិកក្រុមហ៊ុនពិស្ណុការ សរុបចំនួន ១៣៥នាក់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ