អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាលើករណីប្រជាជនកាន់កាប់ អាស្រ័យផលក្នុងដែនជម្រកសត្វព្រៃ «ភ្នំត្នោត ភ្នំពក» ស្រុកសង្គមថ្មី
January 06, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាលើករណីប្រជាជនកាន់កាប់ អាស្រ័យផលក្នុងដែនជម្រកសត្វព្រៃ «ភ្នំត្នោត ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តព្រះវិហារ អាជ្ញាធរខេត្តសៀមរាប មន្ត្រីតំបន់ព្រៃសហគមន៍ភ្នំត្នោត លោក បេន ដេវីស (ដៃគូអភិវឌ្ឍន៍) និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជិត ២០០នាក់។

ក្រោយពីបានស្ដាប់នូវតម្រូវការជាក់ស្ដែង និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផល ក្នុងដែនជម្រកសត្វព្រៃ «ភ្នំត្នោត ភ្នំពក» ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់តាំងក្រុមការងាររបស់ក្រសួង សហការជាមួយរដ្ឋបាលខេត្តពាក់ព័ន្ធ និងសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យបងប្អូនមានជីវភាពធូរធារ និងរក្សានិរន្តរភាពនៃធនធានធម្មជាតិ។

ឯកឧត្ដម បានបន្តថា ក្នុងសម័យសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ បងប្អូនប្រជាពលរដ្ឋភាគច្រើនមានជីវភាពធូរធារ មិនគួរណានៅមានបងប្អូនមួយចំនួនតូចនៅតែបន្តប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ទន្ទ្រានដីព្រៃ ដាក់អន្ទាក់សត្វ កាប់ឈើខុសច្បាប់នោះឡើយ ដូច្នេះ ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ឯកឧត្ដម មិនចង់មានបញ្ហាប្រឈម ឬមានជម្លោះជាមួយបងប្អូនទេ ប៉ុន្តែដើម្បីរក្សានូវធនធានធម្មជាតិឱ្យគង់វង្ស និងទាញប្រយោជន៍អេកូឡូស៊ីសម្រាប់ទាំងអស់គ្នា ឯកឧត្ដម ចៀសមិនផុតត្រូវតែអនុវត្តច្បាប់ជាដាច់ខាត។

ប៉ុន្តែទន្ទឹមនេះ ឯកឧត្ដម លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋងាកទៅរកមុខរបរដែលមិនបំផ្លាញធនធានធម្មជាតិ ដូចជាដាំដំណាំ ចិញ្ចឹមសត្វ ជាដើម...។ល។ ក្នុងនោះឯកឧត្ដម នឹងសន្យាផ្ដល់នូវធនធានគាំទ្រដូចជា ពូជដំណាំ ពូជសត្វ សម្ភារបច្ចេកទេសនានា តាមតម្រូវការ និងលទ្ធភាពជាក់ស្ដែង។

គួរបញ្ជាក់ផងដែរថា ដែនជម្រកសត្វព្រៃ «ភ្នំត្នោត ភ្នំពក» មានផ្ទៃដីទំហំ ៤២.០៩៧ ហិកតា ជាប់នឹងខេត្តពីរ គឺខេត្តព្រះវិហារ (ស្រុកសង្គមថ្មី និងស្រុកគូលែន) និងខេត្តសៀមរាប (ស្រុកជីក្រែង)។ ដែនជម្រកនេះមានធនធានកម្រលើពិភពលោកជាច្រើន ដូចជា សត្វទន្សោង សត្វស្វា...។ល។ ដែលជាសក្ដានុពលនៃវិស័យទេសចរណ៍ធម្មជាតិ និងជាប្រភពចំណូលមិនចេះរីងស្ងួត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ