ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ បន្តនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២៧១គ្រួសារ នៅស្រុកកោះញែក
January 02, 2021 អ្នកទស្សនា :

មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ សរុបចំនួន ២៧១គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកកោះញែក ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាស្រែជ្រៃ ក្នុងស្ថិតឃុំរយ៉ នៅស្រុកកោះញែក នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ឲ្យតែទីណាមានទុក្ខលំបាក ទីនោះ តែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានណែនាំឱ្យបងប្អូនទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

ម្យ៉ាងទៀត ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំផ្សេងៗ និងខិតខំប្រកបកិច្ចការងារបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាលើកស្ទួយជីវភាពរស់នៅឲ្យមានលក្ខណៈសមរម្យ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២៧១គ្រួសារ មកពីឃុំចំនួន ២គឺឃុំរយ៉ និងឃុំណង់ឃីឡឹក ក្នុងស្រុកកោះញែក ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងអាវយឺតចំនួន២ ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពដែលកំពុងខ្វះខាតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ