អាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ខណៈកំណើតពលករមកពីថៃកើនឡើង នៅស្រុកកំរៀង
January 03, 2021 អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយកឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ខណៈកំណើតពលករមកពីថៃកើនឡើង នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកមុខអ្នកការ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួន។

ឯកឧត្តម បានជំរុញអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមនេះឲ្យបានល្អ មានទាំងកន្លែងសម្រាក់ បង្គន់អនាម័យ និងកន្លែងចំអិនអាហារជាដើម ឲ្យបានសមស្រប ពិសេសឲ្យពួកគាត់ អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំដល់សមត្ថកិច្ចការពារព្រំដែនទាំងអស់ត្រូវសហការជាមួយមន្ត្រីសុខាភិបាល បន្តរឹងបន្តឹងក្នុងការពិនិត្យទប់ស្កាត់កុំឲ្យពលករណាម្នាក់ អាចគេចវេសពីការពិនិត្យសុខភាព ការយកសំណាក និងការធ្វើចត្តាឡីស័ក គឺមិនអាចលើកលែងក្នុងករណីអ្នកណាម្នាក់បាននោះទេ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឲ្យដឹងថា ពលករឆ្លងដែនពីប្រទេសថៃតាមច្រកជាប់ស្រុកកំរៀងមានជារៀងរាល់ថ្ងៃ ដោយបច្ចុប្បន្នក្នុងស្រុកមានមណ្ឌលចត្តាឡីស័កចំនួន៣ អាចដាក់ចំណុះពលករបានជាមធ្យម ៦០០នាក់ ខណៈមានអ្នកបញ្ចប់ការធ្វើចត្តាឡីស័កបានចេញជាបណ្ដើរៗ ប៉ុន្តែកំណើនចូលវិញក៏ច្រើន។

លោកបន្តថា ក្នុងការដោះស្រាយបញ្ហានេះ មានក្រុមហ៊ុនឯកជនមួយ បានសម្បទានដីរបស់ខ្លួនប្រមាណ២ហិកតា ក្នុងស្រុកកំរៀង ជិតព្រំដែនថៃ ដើម្បីរៀបចំជាទីតាំងធ្វើមណ្ឌលចត្តាឡីស័ក ចំពោះពលករដែលទើបប្រឡប់មកពីប្រទេសថៃនេះ ហើយអាជ្ញាធរក៏បានពិនិត្យរួចរាល់ហើយដែរ។

ក្នុងឱកាសចុះពិនិត្យទីតាំងត្រូវរៀបចំធ្វើមណ្ឌលចត្តាឡីស័ក នៅស្រុកកំរៀង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិញភូមិភាគទី៤ និងទី៥ បានមានប្រសាសន៍ថា មណ្ឌលចត្តាឡីស័កត្រៀមថ្មីនេះ គឺសម្រាប់នៅពេលមណ្ឌលចត្តាឡីស័កមានស្រាប់ពេញ ត្រូវបញ្ជូនពលករទើបត្រឡប់មកពីថៃមកកន្លែងថ្មី និងនៅពេលកន្លែងចាស់មានពលករគ្រប់កំណត់១៤ថ្ងៃ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះបាន អាចបញ្ជូនពីមណ្ឌលថ្មី ទៅមណ្ឌលចាស់ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ ដើមខែកុម្ភៈនេះ ចំនួនពលករឆ្លងដែនពីប្រទេសថៃ ក្នុងអំឡុងមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន បានធ្វើដំណើរតាមច្រកនានាជាប់ខេត្តបាត់ដំបង មានចំនួនលើស ១០០នាក់ និងមានបន្តមកទៀតជាហូរហែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ