អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកថវិការបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅស្រុកស្ទោង
December 17, 2020 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាសម្ដេចតេជោ រួមទាំងគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន៤០នាក់ ដែលធ្លាប់បានប៉ះពាល់ផ្ទាល់ និងប្រយោលអ្នកវិជ្ជមានកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពេលដែលចេញលទ្ធផលនៃមេរោគកូវីដ-១៩ អវិជ្ជមានទាំងអស់ ស្ថិតនៅ​ភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ចប់ធ្វើចត្តាឡីស័កនៅផ្ទះ និងនៅ​មណ្ឌល​ចត្តាឡីស័កស្រុក គឺទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ លើកឡើងថា ខេត្តកំពង់ធំមកដល់ពេលនេះ មិនមាន​សញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងនូវជំងឺកូវីដ-១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបាន​ធ្វើ​ចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩​អវិជ្ជមាន​ទាំងអស់ ហើយបងប្អូនអាចវិលត្រឡប់ទៅផ្ទះ និងប្រកបមុខរបរទទួលទានបន្តទៀតបានហើយ ប៉ុន្តែ​កុំភ្លេចរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម បានបន្ថែមទៀតថា សូម​បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយមិនត្រូវមានការរើសអើងចំពោះបងប្អូនដែលចេញពីមណ្ឌលចត្តាឡីស័ក​នោះទេ ហើយជាពិសេស សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបាន​ប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅ​ក្នុងស្រុកស្ទោង ​ក៏ដូចជា​ប្រជា​ពលរដ្ឋ​នៅទូទាំងប្រទេសទាំងអស់សូមអោយជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។ ឯកឧត្តម បន្ថែមទៀតថា បច្ចុប្បន្ន​នេះ វ៉ាក់សាំងកូវីដ-១៩ ត្រូវបានគេរកឃើញ ហើយសម្ដេចតេជោនិងទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកមកចាក់ជូនបងប្អូនប្រជាពរដ្ឋដោយមិនគិតថ្លៃ។ ហើយ​សម្តេច​មិនយកប្រជាពលរដ្ឋកម្ពុជាទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។ ឯកឧត្តម បានស្នើ​ដល់​អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះ​បងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាស់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។

ចុងក្រោយឯកឧត្តម សុខ លូ បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា​ជាដើម។

គួរជម្រាបថា ថវិកាសម្ដេចតេជោ និងគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋ​ដែលបាន​ធ្វើ​ចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ពេលទទួលលទ្ធផលនៃមេរោគកូវីដ-១៩ អវិជ្ជមាន​ទាំងអស់ នាពេលនេះរួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ថ្នាំពេទ្យ ម៉ាស អាកុល និងថវិកា៥ម៉ឺន ចំពោះអ្នកដែលមានប័ណក្រីក្រទទួលបានថវិកាបន្ថែមចំនួន ៣0ម៉ឺនរៀលថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ